ក្រសួងទេសចរណ៍៖ ថ្នាំជក់នៅតែជាបញ្ហាមួយ ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅរបស់ពលរដ្ឋកម្ពុជា
(បាត់ដំបង)៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» និងបានបញ្ជាក់ថា៖ «ផលិតផលថ្នាំជក់នៅតែជាបញ្ហាមួយដែលមានផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»។
តាមការសិក្សារបស់លេខាធិការដ្ឋានក្របខ័ណ្ឌ អនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ នៃអង្គការសុខភាពពិភពលោក បានឲ្យដឹងថា អត្រាស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាមានប្រមាណ ១៥.០០០នាក់ជារៀងរាល់ឆ្នាំ ដោយសារជំងឺនានាទាក់ទងនឹងថ្នាំជក់ ដែលក្នុងនោះ៣៣% ស្ថិតនៅក្នុងចំណោមអ្នកដែល មានប្រាក់ចំណូលទាប។ ជាក់ស្តែងឆ្នាំ២០១៦ ការប្រើប្រាស់ថ្នាំជក់បណ្តាលឲ្យមានការខាតបង់ផលិតភាពសេដ្ឋកិច្ច ដែលគិតជាប្រាក់ចំណូលរហូតដល់២,៧ទ្រីលានរៀល ប្រមាណជា៣% នៃផលទុនសរុបក្នុងស្រុក (GDP)។
ដើម្បីចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមលើកកម្ពស់ ក្នុងការទប់ស្កាត់នូវផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ដែលកើតឡើងពីផលិតផលថ្នាំជក់ ដែលបច្ចុប្បន្នបរិស្ថានគ្មានផ្សែងបារី «Smoke-Free Environment» ជាបរិបទមួយដែលពិភពលោក ក៏ដូចជាតំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងពិភពលោក។
ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែង ផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាព ដល់អ្នកនៅជុំវិញនឹងបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលបណ្តាលមកពីផលិតផលថ្នាំជក់។
វិធានការចម្បង០២ ដែលគណៈកម្មការបរិស្ថាន គ្មានផ្សែងបារីប្រកាន់យកគឺ៖ វិធានការអប់រំ និងវិធានការរដ្ឋបាល។ បច្ចុប្បន្នយើងបាននិងកំពុងអនុវត្តនូវវិធានការទី១ គឺ វិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលា បណ្តុះបណ្តាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និងរៀបចំបោះសំភារៈផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ យកចិត្តទុកដាក់គោរពអនុវត្តតាមច្បាប់ស្តីពី ការគ្រប់គ្រងផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ។
វិធានការទី២ ដែលនឹងត្រូវអនុវត្តបន្ត ជាវិធានការរដ្ឋបាល គឺការផាកពិន័យចំពោះបុគ្គល អ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្ម ដែលអនុញ្ញាតឲ្យគេជក់នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំជក់ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារី ដែលនាំនិងលក់ផលិតផលថ្នាំជក់ គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់....។ ការផាកពិន័យអន្តរការណ៍ នឹងធ្វើតាមប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្រុមអធិការកិច្ចក្រសួងសុខាភិបាលផងដែរ៕