សូមស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់ប្រទេសកម្ពុជា
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោមនស្សរីករាយសូមស្វាគមន៍ការហោះហើរ ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី ២ ៥ ៩ ១២ ១៦ ១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី ៩ និងទី ២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ “កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត”។ បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពខ្ពស់។
តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំង រួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីលំអិតស្តីពីកម្មវិធីនៃការហោះហើរឡើងវិញនេះ សូមចូលទៅកាន់គេហទំព័រ៖
https://www.anahd.co.jp/group/en/pr/202011/20201125.html ។
Welcome the resume flight of ANA to Cambodia
The Ministry of Tourism of Cambodia is pleased to welcome the non-stop flights of ANA from Tokyo (Narita) to Phnom Penh vice versa operating from 2nd, 5th, 9th, 12th, 16th, 19th, December 2020 and 9th, 23rd January 2021. The resume of this flight will increase the travelers from Japan to Cambodia.
Cambodia remains one of the safest countries to visit amid COVID-19 pandemic and the Ministry of Tourism has been preparing the travel bubble program so that international tourists including Japanese tourists can safely travel to the kingdom again.