SSCA ស្នើឱ្យ ANA ភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជាវិញ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានស្នើក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ពិចារណាពីការបើកជើងហោះហើររវាងប្រទេសទាំង ២ ឡើងវិញ បន្ទាប់ពីបានផ្អាកការហោះហើរចាប់តាំងពីការផ្ទុះវិបត្តិជំងឺកូវីដ ១៩ ខណៈវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកំពុងមាន ភាពល្អប្រសើរជាលំដាប់។
សំណើនេះត្រូវបានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លើកឡើងកាលពីសប្តាហ៍មុននៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន ANA ដោយលោកលើកឡើងពីភាពប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវអាកាស បន្ទាប់ពីបានទទួលរងការធ្លាក់យ៉ាងខ្លាំងពីការផ្ទុះការរីករាលដាលជំងឺកូវីដ ១៩ ដែលធ្វើឱ្យក្រុមហ៊ុនមួយនេះសម្រេចចិត្តផ្អាកការហោះហើរជាបណ្តោះអាសន្ន។
ថ្លែងមកកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក វណ្ណ ចន្ធី អគ្គនាយកគោលនយោបាយ និងបទប្បញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាសឱ្យដឹងថា លោក ម៉ៅ ហាវណ្ណាល់ បានធ្វើការពិភាក្សាការងារដើម្បីធ្វើយ៉ាងណាស្វែងរកលទ្ធភាពជំរុញ ANA បើកជើងហោះហើរឡើងវិញរវាងកម្ពុជា-ជប៉ុន ដែលក្រុមហ៊ុននេះបានដំណើរការប្រមាណ ៤ ឆ្នាំមុនពេលមានវត្តមានកូវីដ ១៩។
លោកថ្លែងថា៖ «វិស័យដឹកជញ្ជូននៅប្រទេសកម្ពុជាក៏ងើបឡើងវិញជាបណ្តើរដែរ ដែលនេះគឺជារឿងមួយដ៏ល្អប្រសើរ ដោយខាងយើងបានស្នើក្រុមហ៊ុន ANA ដើម្បីជួបពិភាក្សា និងចង់ដឹងថាតើមានកត្តាអ្វីខ្លះដែលជាការរារាំងឱ្យក្រុមហ៊ុនមិនទាន់សម្រេចចិត្តធ្វើការហោះហើរឡើងវិញនាពេលនេះ»។
លោកថ្លែងថា៖ «យើងសង្ឃឹមថាក្រុមហ៊ុន ANA តាមរយៈការពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយលើលទ្ធភាពនៃការបើកជើងហោះហើរឡើងវិញ រួមផ្សំជាមួយនឹងការវិវឌ្ឍថ្មីៗចុងក្រោយនៃការរីកចម្រើនវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ជាពិសេសយើងមានថ្នាក់ដឹកនាំថ្មីប្រកបដោយស្ថិរភាពសង្គម។ យើងសង្ឃឹមថា កត្តាអំណោយផលទាំងនេះ នឹងធ្វើឱ្យក្រុមហ៊ុន ANA ពិចារណាបើកជើងហោះហើរឡើងវិញឱ្យបានឆាប់មកប្រទេសកម្ពុជា»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្របពេលដែលការធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា និងទៅក្រៅស្រុកហាក់មានភាពប្រសើរឡើងជាបណ្តើរៗ ទោះបីពុំទាន់ល្អដូចកាលពីមុនការផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ក្តី ក៏ជាឱកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងការសិក្សាអំពីលទ្ធភាពនៃការបើកការហោះហើរឡើងវិញ។ ការណ៍នេះនឹងជួយទាក់ទាញទេសចរបរទេសកាន់តែច្រើនបន្ថែមទៀតឱ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «ជាការពិតយើងសង្កេតឃើញថា ការធ្វើដំណើរតាមផ្លូវអាកាសមានភាពប្រសើរឡើងកាលពីដើមឆ្នាំរហូតមកដល់ពេលនេះ។ ប៉ុន្តែយើងក៏មិនទាន់ដឹងច្បាស់ថាបញ្ហាដែលកើតឡើងមកជាបន្តបន្ទាប់ដូចជាបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វានឹងបញ្ចប់នៅពេលណាទេ ដែលវាក៏បានប៉ះពាល់ដល់ប្រាក់ចំណូលប្រជាពលរដ្ឋ។ ក្នុងស្ថានភាពបែបនេះបើក្រុមហ៊ុនអាកាសចរណ៍នានាអាចមើលឃើញពីឱកាសការឆាប់ងើបឡើងវិញនៃវិស័យទេសចរណ៍នោះ ខ្ញុំយល់ឃើញថា វាជារឿងមួយល្អសម្រាប់ពួកគេធ្វើការពិចារណាបើកការហោះហើរឡើងវិញដើម្បីទាក់ទាញភ្ញៀវមកកាន់កម្ពុជាកាន់តែច្រើន»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ប្រទេសកម្ពុជាបានទទួលភ្ញៀវបរទេសសរុបជាង ៣លាននាក់ កើនឡើង ៣០៨,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ៧៤៣ ៤៥៩ នាក់៕