ឥណ្ឌាធ្វើកម្មវិធីផ្សព្វផ្សាយទេសចរណ៍ជាមួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នាឡើងវិញ ក្រោយខកខានដោយសារកូវីដ១៩ (ភ្នំពេញ)៖ ភាគីឥណ្ឌាមកពីរដ្ឋមធ្យ័តប្រទេស (Madhy
(ភ្នំពេញ)៖ ភាគីឥណ្ឌាមកពីរដ្ឋមធ្យ័តប្រទេស (Madhya Pradesh) ដែលជារដ្ឋធំមួយនៅភាគកណ្ដាលឥណ្ឌានោះ បានរៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ទៅកាន់រដ្ឋមធ្យ័តប្រទេស (Madhya Pradesh Roadshow) ជាមួយក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នឹងគ្នាឡើងវិញ។
កម្មវិធីនេះរៀបចំឡើងនារាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដោយមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Sushri Usha Thakur រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៌នៃរដ្ឋមធ្យ័តប្រទេស លោកជំទាវ ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងតំណាងក្រុមហ៊ុនទេសចរណ៍នៅកម្ពុជាជាច្រើននាក់ទៀត។
ឯកឧត្ដម Sheo Shekhar Shokla រដ្ឋលេខាធិការក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការណ៍ដែលក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស រៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ទៅកាន់រដ្ឋមធ្យ័តប្រទេសនៅកម្ពុជា គឺដោយសារប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ ហើយនេះក៏ជាឱកាសរំលឹកនូវទំនាក់ទំនងឡើងវិញដែរ។
ឯកឧត្ដមរដ្ឋលេខាធិការបានបន្តថា ក្រសួងទេសចរណ៍និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស ក៏មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ក្រោយខកខានដោយសារវិបត្តិជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំកន្លងមក ជាពិសេសជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ឯកឧត្ដមថា ប្រជាជនកម្ពុជាដែលទៅដល់ប្រទេសឥណ្ឌាក៏មានឱកាសក្នុងការបង្ហាញវប្បធម៌ខ្លួនទៅកាន់ប្រទេសឥណ្ឌាផងដែរ។ នៅទីរដ្ឋមធ្យ័តប្រទេសនោះ គឺមានគោលដៅទេសចរណ៍ជាច្រើនដែលភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តផង និងសិក្សាស្វែងយល់ផង។
ឯកឧត្ដម Sheo Shekhar Shokla ក៏នឹងពាំនាំការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរនាឱកាសនោះជូនដំណឹងទៅដល់បណ្ដាដៃគូ និងក្រុមហ៊ុនទេសចរណ៍នៅប្រទេសឥណ្ឌាដទៃទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះចាប់ផ្ដើមដំណើរការប្រកបដោយផ្លែផ្កា។
លោកជំទាវ ឆាយ ស៉ីវលីន បានឱ្យដឹងថា តាមរយៈកម្មវិធីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ឥណ្ឌានេះ សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍របស់កម្ពុជាបានធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍របស់ខ្លួនដែរ ដើម្បីរៀបចំលក់ជូនភ្ញៀវទេសចរដែលចង់ទៅទស្សនានៅប្រទេសឥណ្ឌា។ ក៏មានបង្ហាញយន្តការនៃការទំនាក់ទំនង អាសយដ្ឋាន និងទីតាំងគោលដៅទេសចរណ៍ជូនគ្នាទៅវិញទៅមក។
លោកជំទាវបានបន្តថា តាមរយៈកម្មវិធីនេះ សមាគមទេសចរណ៍កម្ពុជារំពឹងថានឹងជួយជំរុញការពន្លឿនការរៀបចំឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌា ដើម្បីឈានទៅជំរុញចលនាទេសចរពីគ្នាទៅវិញទៅមកឱ្យបានច្រើន ខណៈបច្ចុប្បន្នភ្ញៀវទេសចរត្រូវឆ្លងកាត់ប្រទេសទី២សិន មកទៅដល់ប្រទេសឥណ្ឌា ឬមកដល់ប្រទេសកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានឱ្យដឹងដែរថា កម្មវិធីបង្ហាញផ្លូវទេសចរណ៍នាពេលនេះនឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍នៃប្រទេសទាំងពីរ និងជួយពង្រឹងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំ។
ឯកឧត្ដមរដ្ឋមន្ត្រីបង្ហាញការជឿជាក់ថា ការចូលរួមរបស់សារព័ត៌មាន បណ្តាការីទេសរណ៍ ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងឱកាសនោះ នឹងរួមចំណែកបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៃប្រទេសទាំងពីរបន្ថែមទៀត ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែស្គាល់និងយល់ដឹងបន្ថែមទៀត ជាពិសេសការពង្រឹងការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជននិងប្រជាជន ព្រមទាំងរំហូរទេសចររវាងប្រទេសទាំងពីរ។
បើតាមតំណាងភាគីឥណ្ឌា សាធារណរដ្ឋឥណ្ឌាក៏មានគម្រោងចង់ពង្រីកការហោះហើរមកកាន់កម្ពុជា ក៏ដូចជាប្រទេសជិតខាងផងដែរ។ បន្ទាប់ពីកម្មវិធីនេះ ភាគីឥណ្ឌានឹងពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកឱ្យមានការហោះហើរពីរដ្ឋមធ្យ័តប្រទេសនិងរដ្ឋមួយចំនួនទៀតនៅឥណ្ឌាមកកាន់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានដទៃទៀត៕