ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ
ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) រួមជាមួយអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានជួបប្រជុំពិភាក្សាលើការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ និងតំបន់ជុំវិញ ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ Azédine BESCHAOUCH លេខាធិការអចិន្ទ្រៃយ៍នៃ ICC-Angkor ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា សហប្រធាន ICC ( បារាំង ជប៉ុន) លោកនាយកអង្គការ UNESCO ប្រចាំកម្ពុជា និងមន្ត្រីរាជការមួយចំនួនទៀត។
ឯកឧត្តម ថោង ខុន បានលើកឡើងថា នេះអាចចាត់ទុកថានេះជាកិច្ចប្រជុំលើកដំបូងដែលសហប្រធាន អ្នកជំនាញ ICC-Angkor អង្គការ UNESCO អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ បានរួមគ្នាប្រជុំពិភាក្សាអំពីការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ (និយាយដោយឡែក) និងនៅសៀមរាប និងតំបន់បេតិកភណ្ឌផ្សេងទៀត (និយាយជារួម)។ ពិតណាស់ថា ប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិ គឺជាគ្រឹះដ៏សំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ហើយទេសចរណ៍វប្បធម៌ គឺជាឆ្អឹងកងដ៏សំខាន់នៃវិស័យទេសចរណ៍កម្ពុជា ខណៈដែលខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍អាទិភាពសម្រាប់កម្ពុជាផងដែរ។
កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះខេត្តសៀមរាបទទួលបានភ្ញៀវអន្តរជាតិប្រមាណ ២.៥៩លាននាក់ កើនឡើង ៥.៤៣%។ រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩%។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នា ប៉ុន្តែបញ្ហាសំខាន់មុនគេ គឺសៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ»។
កាលពីឆ្នាំ២០១៨ កន្លងមក ដើម្បីទ្រទ្រង់កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដែលមានក្រសួងទេសចរណ៍ជាប្រធាន ហើយច្ចុប្បន្នក្រុមការងារជំនាញបានកំពុងសិក្សារៀបចំផែនការមេនេះយ៉ាងសកម្ម។
ផែនការមេនេះនឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម និងការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP) របស់អាជ្ញាធរជាតិអប្សរាផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំការងារមួយចំនួនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប រួមមាន៖
* ការជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាប ជាពិសេសតំបន់ព្រែកទាល់ បឹងទន្លេសាប ភ្នំគូលែន និងសហគមន៍ទេសចរណ៍នានា ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។
* ជំរុញឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ដោយត្រូវធ្វើការជួសជុលផ្លូវ សិក្សារៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គីសនីឲ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវឲ្យបានត្រឹមត្រូវតាមស្តង់ដាបរិស្ថាន រៀបចំចំណតរថយន្ត បង្គន់អនាម័យសាធារណៈ គ្រប់គ្រងមធ្យោបាយដឹកជញ្ជូន សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង។ល។
* ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដាអាស៊ានក្នុងវិស័យទេសចរណ៍ជាដើម។
ឯកឧត្តមសាស្រ្តាចារ្យ Azédine BESCHAOUCH បានស្នើឱ្យក្រសួងទេសចរណ៍លើកបង្ហាញនូវគម្រោងផែនការមេរៀបចំអភិវឌ្ឍន៍ខេត្តសៀមរាប និងផែនការយុទ្ធសាស្ត្រនានា នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការ ICC ដែលនឹងប្រារព្ធឡើងនាអំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។
ឯកឧត្តមសាស្រ្តាចារ្យក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការល្អ លើការរៀបចំផែនការគ្រប់គ្រងតំបន់អង្គរមានជាអាទិ៍ បញ្ជរគ្រប់គ្រងភ្ញៀវមុនចូលទស្សនាប្រាសាទ ការបែងចែកខ្សែទស្សនកិច្ច ចំណតនៅមុខប្រាសាទអង្គរវត្ត បណ្ដាញគមនាគមន៍នៅប្រាសាទបាយ័ន្ត លានជល់ដំរី ប្រាសាទព្រះពិធូ និងនៅតំបន់ភ្នំគូលែន ក៏ដូចជាការរៀបចំប្រព័ន្ធអ៉ីនធើណេត Wifi ការរៀបចំគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានទទួលយកសំណើទាំងនោះដោយរីករាយ និងត្រៀមសហការជានិច្ចជាមួយ ICC-Angkor និងអាជ្ញាធរជាតិអប្សរា។ ព្រមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីក៏បានរាយការណ៍ជូនយ៉ាងក្បោះក្បាយដល់ប្រតិភូ ICC-Angkor និងអាជ្ញាធរជាតិអប្សរាអំពីចក្ខុវិស័យ និងទស្សនទាននៃការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាបអង្គរ ពីឆ្នាំ២០២០-២០៣៥ ដោយប្តេជ្ញារួមគ្នាអភិវឌ្ឍតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងការស្នើឱ្យអាជ្ញាធរជាតិអប្សរាពន្លឿនការអនុវត្តផែនការគ្រប់គ្រងតំបន់អង្គរ និងពិចារណាក្នុងការបង្កើតផលិតទេសចរណ៍ថ្មីៗប្លែកៗសមស្របដ៏ទាក់ទាញ និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិច្ចប្រជុំជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាម ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន និងក្រសួងសំខាន់ៗមួយចំនួនទៀត ដោយមានការចូលរួមជាចាំបាច់របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ៕