ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បង្ហាញអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា និងផែនការអាទិភាពទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីទេសចរណ៍នៃប្រទេស G20

(បាលី,ឥណ្ឌូនេស៊ី)៖ តបតាមការអញ្ជើញរបស់ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទទួលបន្ទុកទេសចរណ៍ នៃប្រទេសG20, ប្រទេសជាភ្ញៀវចំនួន ២៤ប្រទេស ព្រមទាំងមានអង្គការ និងសហគមន៍អន្តរជាតិពាក់ព័ន្ធចំនួន៩ ផងដែរក្នុងនោះក៏មានដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), ដៃគូរអភិវឌ្ឍន៍ និងអង្គការអន្តរជាតិធំៗក្នុងពិភពលោកមួយចំនួន។
ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន និងតំណាងឲ្យវិស័យទេសចរណ៍អាស៊ាន ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំថា៖ ប្រធានបទសម្រាប់ប្រធាន G20 ឥណ្ឌូនេស៊ី ឆ្នាំ២០២២នេះ គឺ «ស្តារឡើងវិញទាំងអស់គ្នា, ស្តារឡើងវិញខ្លាំងជាងមុន (Recover Together, Recover Stronger )» ពិតជាបានផ្តោតយកចិត្តទុកដាក់ខ្ពស់លើភាពចំបាច់នៃសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជននានា ដើម្បីបង្កើនល្បឿននៃការស្ដារឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។ ប្រធានបទនេះ ពិតជាស្របនឹងប្រធានបទអាស៊ានឆ្នាំ២០២២ ក្រោមភាពជាប្រធានរបស់កម្ពុជា «A.C.T: Addressing Challenges Together (រួមគ្នាដោះស្រាយបញ្ហាប្រឈម)» ហើយជាពិសេសកាន់តែជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលជាវិស័យរងផលប៉ះពាល់ខ្លាំងជាងគេ។
ក្នុងសុន្ទរកថា ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍ នៃកិច្ចខិតខំស្ដារវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញអំពីអាទិភាពមួយចំនួនក្នុងការស្តារវិស័យទេសចរណ៍អាស៊ាន ដែលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដឹកនាំដោយកម្ពុជា បានដាក់ចុះ នាអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF2022) នៅក្រុងព្រះសីហនុ ដោយក្នុងនោះ លោករដ្ឋមន្ត្រី បានលើក និងគួសបញ្ជាក់អំពី៖
ទី១៖ បទពិសោធន៍កម្ពុជា
១. រយៈពេលជាង ២ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានខិតខំទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងដោះស្រាយផលប៉ះពាល់បានយ៉ាងមានប្រសិទ្ធភាព តាមរយៈការដាក់ចុះនូវវិធានសុខាភិបាល និងរដ្ឋបាល ការអន្តរាគមន៍សេដ្ឋកិច្ច និងសង្គមនានា ក្នុងស្មារតីបុរេសកម្ម។
២. ការកំណត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការយកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រគន្លឹះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានអត្រានៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោក និងទទួលបានភាពស៊ាំសហគមន៍ ដែលជាមូលដ្ឋាននៃការបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ២០២១ មក ដោយបានបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងនោះរួមមានការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរផ្សេងៗទៀត ដែលបានចាក់វ៉ាក់សាំងពេញលេញ។
៣. បច្ចុប្បន្នកម្ពុជាកំពុងតែអនុវត្តយ៉ាងសកម្ម និងជោគជ័យនូវផែនទីចង្អុលផ្លូវ ស្តីពីការស្តារទេសចរណ៍កម្ពុជា ២០២០-២០២៥ ដែលក្នុងនោះមាន ០៣ ដំណាក់កាល៖
* ដំណាក់កាលទី១ (ភាពធន់ និង ការចាប់ផ្តើមឡើងវិញ «Resilience and Restart») ២០២០–២០២១
* ដំណាក់កាលទី២ (ការស្តារឡើងវិញ «Recovery») ២០២២–២០២៣
* ដំណាក់កាលទី៣ (ការរៀបចំអនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា «Relaunch») ២០២៤-២០២៥។
ដំណាក់កាលនីមួយៗមានយុទ្ធសាស្ត្រចំនួន៣៖
ទី២ ៖ ទេសចរណ៍អាស៊ាន
១. ឯកឧត្ដមរដ្ឋមន្ត្រីបានរំលឹកថា ឆ្លងកាត់ការប្រយុទ្ធប្រឆាំងកូវីដ១៩ យើងឃើញសាមគ្គីភាពក្នុងអាស៊ានកាន់តែខ្លាំងមិនធ្លាប់មាន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកោះប្រជុំពិសេសតាមប្រព័ន្ធអនឡាញ ក្រោមការដឹកនាំរបស់កម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោះស្រាយវិបត្តិ និងជាពិសេសដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពមួយចំនួន ក្នុងស្មារតីបុរេសកម្ម ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ។ លើសពីនេះទៀត អាស៊ានបានទទួលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ផ្ដល់ជូននាឱកាសបើកវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ក្នុងការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ និងជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន (Intra-ASEAN Traveler)។ ចាប់ពីការប្រកាសបើកទេសចរណ៍អាស៊ានមក ប្រទេសសមាជិកអាស៊ានទាំងអស់ក៏បានបើកប្រទេសទទួលទេសចរជាបណ្តើរៗ ក្នុងល្បឿនផ្សេងៗគ្នា។
២. ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាស៊ានកំពុងតែអនុវត្តយ៉ាងសកម្មនូវផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូវីដ១៩ ដែលត្រូវបានដាក់ចុះក្នុងឆ្នាំ២០២១។
៣. អាស៊ានកំពុងតែរៀបចំក្របខណ្ឌការងារអាស៊ាន ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ក្រោយកូវីដ១៩ ដើម្បីអភិវឌ្ឍតំបន់អាស៊ាន ជាគោលដៅទេសចរណ៍ប្រកបដោយចីរភាពឈានមុខគេ។
៤. យកចិត្តទុកដាក់បន្ថែមលើការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម (MSME : Micro, Small and Medium Enterprises) និងជំរុញឱកាសការងារនៅសហគមន៍មូលដ្ឋាន ស្របតាមសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន ដែលនឹងដាក់ជូនសុំការអនុម័ត កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ខាងមុខ។
៥. អាស៊ានបានផ្ដល់អាទិភាពលើអនាម័យ និងសុវត្ថភាព ហើយដើមឆ្នាំ២០២២នេះ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ បានអនុម័តគោលការណ៍ណែនាំអាស៊ាន ស្តីពីអនាម័យ និងសុវត្ថិភាព នៅក្នុងសេវាកម្មទេសចរណ៍ អមដោយការដាក់ចុះអនុវត្តឡាបិលធ្វើដំណើរសុវត្ថិភាពអាស៊ាន «សុវត្ថិភាព និងភាពកក់ក្ដៅ (Safe and Warm)»។
៦. អាស៊ានក៏បានផ្តោតលើការផ្សព្វផ្សាយនាពេលអនាគត ក្រោមយុទ្ឋនាការ «អាស៊ាន ជាគោល ដៅទេសចរណ៍សម្រាប់គ្រប់ក្តីស្រម៉ៃ (A Destination for Every Dream)» ដោយផ្តល់នូវបទពិសោធន៍ល្អឯក និងអារម្មណ៍នៃភាពសម្បូរបែប។
៧. សម្រាប់ការអភិវឌ្ឍធនធានមនុស្ស អាស៊ានផ្តោតលើការបន្តបង្កើនការអនុវត្តកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA TP) ហើយអាស៊ានក៏នឹងដាក់ចុះនូវអនុសាសន៍សំខាន់ៗបន្ថែមទៀត តាមរយៈការអនុម័ត ឯកសារសិក្សាគ្រប់ជ្រុងជ្រោយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ASEAN MRA-TP ដោយកិច្ចប្រជុំកំពូលឆ្នាំ២០២២ ខាងមុខ ផងដែរ។
៨. អាស៊ានកំពុងជំរុញឌីជីថលូបនីយកម្ម (Digitalization) ការកាត់បន្ថយកាបោន (Decarbonization) និងសេដ្ឋកិច្ចចក្រា (Circular Economy) ដែលនឹងចូលរួមអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយចីរភាពកាន់តែប្រសើរ នាពេលខាងមុខ ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើឲ្យប្រទេស G20 និងដៃគូអភិវឌ្ឍន៍នានា ផ្ដល់ការគាំទ្រ និងសហការជាមួយអាស៊ាន ដើម្បីជួយអភិវឌ្ឍទេសចរណ៍អាស៊ាន ស្របតាមយុទ្ឋសាស្ត្រអាទិភាពនានាខាងលើ។
ឯកឧត្ដមរដ្ឋមន្ត្រី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីសារជាថ្មី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងល្អប្រសើរ នាពេលកន្លងមក ជាពិសេសគាំទ្រកម្ពុជាឲ្យលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន (ASEAN Tourism Forum) ដែលគ្រោងរៀបចំនៅឆ្នាំ២០២១ មកធ្វើនៅដើមឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេស G20 មកទស្សនាកម្ពុជា និងព្រឹត្តិការណ៍កីឡាស៊ីហ្គាម ២០២៣ នៅកម្ពុជា ផងដែរ។
គួរកត់សម្គាល់ផងដែរថា វិស័យទេសចរណ៍ត្រូវបានប្រទេស G20 និងអង្គការពិភពលោកធំៗ ចាត់ទុកជាវិស័យអាទិភាព ដែលត្រូវដាក់បញ្ចូលក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ និងសាកលលោក ក្នុងបរិបទស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩៕

 
 

 


This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.