យុវជនកម្ពុជាចំនួន២៥០រូប ទទួលបានការបណ្តុះបណ្តាលជំនាញដុតនំក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួង ទេសចរណ៍ និងក្រុមហ៊ុន Dav the Cake
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញដុតនំ (Bakery) ជំនាន់ទី៣ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Dav the Cake នៅទីតាំងហ្វេកធើរី ភ្នំពេញ ដោយមានការចូលរួមពីនាយិកាក្រុមហ៊ុន ប្រធានសមាគមចុងភៅកម្ពុជា គ្រូជំនាញដុតនំ និងសិក្ខាកាម សរុបប្រមាណ ៣០០នាក់។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Dav the Cake ដែលបានខិតខំចូលរួមចំណែករៀបចំវគ្គបណ្តុះបណ្តាលជំនាញដុតនំ ជំនាន់ទី៣នេះ ដែលកម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសចូលរួមផ្គត់ផ្គង់ដល់សេវាកម្មក្នុងវិស័យដុតនាំ (Bakery) ដែលជំនាញដុតនំនេះក៏ជាជំនាញវិជ្ជា ជីវៈទេសចរណ៍មួយដែលទទួលស្គាល់ដោយអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ហើយកន្លងមកក្រសួងទេសចរណ៍ក៏បានចាប់ផ្តើមអនុវត្តកម្មវិធីនេះតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នានាទូទាំងប្រទេសរួចរាល់ផងដែរ។ ឯកឧត្តមបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលដុតនំនាឱកាសនេះ គឺជាជំហានដ៏ប្រពៃនៃការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដុតនំនៅកម្ពុជា ហើយក៏បង្ហាញពីការចាប់ផ្តើមនៃទេសចរណ៍កម្ពុជា (Re-start Tourism) ក្នុងដំណាក់ងើបឡើងវិញនៃវិស័យទេសចរណ៍អំឡុងវិបត្តកូវីដ-១៩ផងដែរ។
កញ្ញា រស់ សាលីន អគ្គនាយិកានៃក្រុមហ៊ុន Dav the Cake បានលើកឡើងថាកញ្ញនិងក្រុមការងារ បេ្តជ្ញា ចិត្តចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញដុតនំនេះ ដោយកន្លងមកកញ្ញាបានបើកវគ្គបណ្តុះបណ្តាលដល់យុវជនកម្ពុជាលើជំនាញដុតនំបានចំនួន១៦០នាក់ រួចមក ហើយ និងបានរៀបចំបង្កើតហាងលក់នំចំនួន១១សាខាទូទាំងប្រទេស ព្រមទាំងបន្តជំហរគាំទ្រដល់សិក្ខា កាម ដើម្បីមានឱកាសចាប់ផ្តើមអាជីវកម្ម (Start-up) លើអាជីវកម្មដុតនំនេះអោយបានកាន់តែផុលផុស ជាពិសេសលើគម្រោងបើកវគ្គជំនាន់ទី៤ នៅឆ្នាំ២០២១ខាងមុខនេះ។
លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា បានបង្ហាញទស្សនៈសុទិដ្ឋិនិយមចំពោះកម្មវិធីបណ្តុះបណ្តាល ជំនាញដុតនំនេះ និងបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់ក្រសួងទេសចរណ៍ជាមួយនឹងក្រុមហ៊ុន Dav the Cake ដោយកន្លងមកសមាគមនចុងភៅបានបញ្ជូនគ្រូជំនាញរបស់ខ្លួនចូលរួមជាគ្រូឧទ្ទេស ក្នុងកម្មវិធី បណ្តុះបណ្តាលខាងលើ និងគ្រោងរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតអាស៊ាន ព្រមទាំងពិធីប្រកួតជំនាញ ដុតនំផងដែរ។
ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ បានទស្សនាការបណ្តុះបណ្តាលជាក់ស្តែងរបស់សិក្ខាកាម នឹងបាន ផ្តាំផ្ញើរដល់សិក្ខាកាមឲ្យយកចិត្តទុកដាក់សិក្សា និងស្រូបយកចំណេះដឹងពីគ្រូបណ្តុះបណ្តាលដើម្បីពង្រឹង សមត្ថភាពរបស់ខ្លួនដើម្បីទទួលបានឱកាសការងារ និងបង្កើតអាជីវកម្មហាងដុតនំរបស់ខ្លួនទៅថ្ងៃអនាគត។ សម្រាប់កម្មវិធីបណ្តុះបណ្តាលវិញ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តអោយអនុវត្តវិធានសុវត្ថិភាព នានាដែលបានដាក់ចុះ ជាពិសេសអំឡុងពេលបណ្តុះបណ្តាលដើម្បីការពារការឆ្លងវីរុសកូវីដ-១៩ ផងដែរ។