រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV កោតសរសើរការរៀបចំតំបន់ Pub Street នៅខេត្តសៀមរាប

(សៀមរាប)៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street របស់ខេត្តសៀមរាប ដែលកំពុងមានភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងវិញ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
ការកោតសរសើរនេះត្រូវបានលើកឡើងនាអំលុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
គួរជម្រាបថា នាឱកាសអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំធំៗទាំងពីរនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រីទេសចរណ៍និងប្រតិភូនៃប្រទេសសមាជិកអេកម៉ិក និង CLMV ដទៃទៀតទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍នាពេលរាត្រី Pub Street នាក្រុងសៀមរាប។
នាដំណើរទស្សនកិច្ចនោះ គណៈប្រតិភូនៃប្រទេសជាសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV បានដើរទស្សនកិច្ចដោយថ្មើរជើងនៅតាមផ្លូវនៃតំបន់ Pub Street នោះប្រកបដោយភាពសប្បាយរីករាយ និងទទួលបានការស្វាគមន៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងដើរលេងកម្សាន្តនៅទីនោះ។
គណៈប្រតិភូបានមើលឃើញពីសក្ដានុពលនៅតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរដែលមកដល់ទឹកដីខេត្តសៀមរាប។
គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV ក៏បានកោតសរសើរដល់កម្ពុជាចំពោះការរៀបចំតំបន់ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ នៅតាមដងផ្លូវមានភាពស្អាតជាងមុន ការរៀបចំតុបតែងនៅតាមហាងនីមួយៗកាន់តែមានសោភ័ណភាព បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជាការបិទបណ្ដោះអាសន្នដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ Pub Street គឺជាតំបន់ទេសចរណ៍នាពេលរាត្រីតូចមួយនៅខេត្តសៀមរាប ដែលភ្ញៀវទេសចរបរទេសទូទៅទទួលស្គាល់ជាពិភពលោកដ៏តូចមួយ (Small World)។
គណៈប្រតិភូសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានសម្ដែងនូវអំណរគុណចំពោះកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់ នាអំលុងពេលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២នេះដែរ ភាគីកម្ពុជាក៏បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ជូនប្រតិភូប្រទេសសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ រយៈពេល២ថ្ងៃ (២-៣ វិច្ឆិកា ២០២២)។
នៅក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការសម្ដែងសិល្បៈ ចម្រៀង របាំ ការរាំលេងកម្សាន្តដែលផ្សារភ្ជាប់នឹងវប្បធម៌ប្រពៃណីខ្មែរ ដូចជា របាំអប្សរាមហានគរឬរបាំព្រះរាជទ្រព្យ របាំក្ងោកសិល្ប៍ របាំរំដួលបុប្ផាជាតិ របាំនេសាទ ពិសេសគឺរបាំចំណងមិត្តភាពរួមគ្នាកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម។ នៅក្នុងបរិវេណនៃពិធីនោះដែរ ក៏ថែមទាំងមានរៀបចំតាំងបង្ហាញនូវម្ហូបអាហារបែបខ្មែរសម្រាប់ឱ្យភ្ញៀវនិងគណៈប្រតិភូទទួលទាន ដូចជា នំបញ្ចុក នំពុម្ភ នំដុត អំបុកជាដើម។
សូមជម្រាបដែរថា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ គណៈប្រតិភូទេសចរណ៍អេកម៉ិក និង CLMV ក៏នឹងអញ្ជើញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺប្រាសាទអង្គរវត្ត និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជុំវិញផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.