ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំចង្អៀតតាមប្រព័ន្ធវីដេអូ (Video Conference)
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំចង្អៀតតាមប្រព័ន្ធវីដេអូ (Video Conference) ពិភាក្សាសម្រេចលើឯកសារទស្សនាទានស្តីពីកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះអង្គប្រជុំបានឯកភាពនិងសម្រេចដាក់ចេញនូវផែនការសកម្មភាពអាទិភាពមួយចំនួនក្នុងនោះរួមមានការរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយផ្តោតអាទិភាពការអនុវត្តគម្រោងក្នុងជំហានទី១នៅខេត្តសៀមរាប-អង្គរ និងសង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញទីផ្សារទេសចរណ៍ដែលមានហានិភ័យកូវីដ-១៩ ទាប ឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង។
គម្រោងសាកល្បងនៃការបើកទេសចរណ៍ជាបណ្តើរៗនេះនឹងផ្តោតលើ
១). ការកសាងទំនុកចិត្តសម្រាប់ទេសចរ (Build Trust and Confident)
២). ការសម្រួលការធ្វើដំណើរ (Travel Facilitation) ដោយគម្រោងស្នើសុំលើកលែងលក្ខខណ្ឌនៃការធ្វើចត្តាទ្បីស័កទាំងស្រុងចំពោះទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ ចេញពីទីផ្សារបៃតង
៣). ការសម្រួលតម្លៃកញ្ចប់ទស្សនកិច្ចសមរម្យ ដើម្បីធានាការប្រកួតប្រជែងក្នុងតំបន់។
ក្រសួងទេសចរណ៍គ្រោងនឹងដាក់ឯកសារទស្សនាទាននេះ ដើម្បីពិគ្រោះយោបល់ល្អិតល្អន់បន្ថែមជាមួយវិស័យឯកជន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងដាក់ក្នុងរបៀបវារៈប្រជុំដើម្បីស្នើសុំយោបល់ និងកិច្ចសហការពីសំណាក់អន្តរស្ថាប័ននៅសប្តាហ៍ក្រោយ មុនស្នើសុំសេចក្តីសំរេចពី រាជរដ្ឋាភិបាល។