ឯកឧត្តម ថោង ខុន ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងគី សាធារណរដ្ឋកូរ៉េ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ១២ គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ តាមរយៈឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូនឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរគបាលជាតិ ដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តកែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តរតនគិរី ប្រើប្រាស់នៅក្នុងខេត្តទាំងនោះ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដោយមានលោកស្រី Lee You Jin នាយកអង្គការ Go & Do International ប្រចាំនៅកម្ពុជា ជាតំណាងចូលរួមក្នុងថ្ងៃនេះ ដែលបាននិងកំពុងបន្តជួយគាំទ្រផ្តល់នូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងបរិក្ខាមួយចំនួន។ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងមក ដោយមានកិច្ចសហការល្អរវាងអង្គការ Go & Do International ប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ បានផ្តល់ជូនរថយន្តពេទ្យចំនួន ១១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង សម្រាប់ផ្តល់ជូនខេត្តសៀមរាប កំពត ព្រៃវែង និងខេត្តកោះកុង។
ជាងនេះទៀត ក្រសួងទេសចរណ៍បាននិងកំពុងសិក្សាជាមួយ អង្គការ Go & Do International ប្រចាំនៅកម្ពុជា ក្នុងការរៀបចំគម្រោងពង្រឹងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់នៅកម្ពុជា តាមរយៈជំនួយជារថយន្តពេទ្យ និងរថយន្ត Minibus ឬ Minvan ប្រចាំការរបស់នគរបាលទេសចរណ៍សម្រាប់ប្រចាំការនៅតាមរមណីយដ្ឋានសំខាន់ៗ ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គស្នងការដ្ឋាននរគបាលជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារនាយកដ្ឋានវិនិយោគទេសចរណ៍នៃក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកគាំទ្រ និងផ្តល់កិច្ចសម្របសម្រួលទាក់ទងការនាំចូលរថយន្ត និងបរិក្ខាទាំងនោះ។
សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១២គ្រឿងនេះ នឹងផ្តល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៦ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន០៣គ្រឿង, ខេត្តកោះកុង ចំនួន០២គ្រឿង, ខេត្តកែប ចំនួន០២គ្រឿង, ខេត្តកំពង់ឆ្នាំង ចំនួន០២គ្រឿង, ខេត្តស្វាយរៀង ចំនួន០២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ចំនួន០១គ្រឿង៕