ឯកឧត្តម ថោង ខុន ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក-កម្ពុជា ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជិត១ពាន់នាក់នៅស្រុកបារាយណ៍ និងស្រុកតាំងគោក
ឯកឧត្តម ថោង ខុន ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក-កម្ពុជា ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជិត១ពាន់នាក់នៅស្រុកបារាយណ៍ និងស្រុកតាំងគោក
(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជានៅមូលដ្ឋានផ្ទាល់ចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងពីរខាងលើ ក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់ បានចូលរួមពិនិត្យព្យាបាលជំងឺយ៉ាងពេញចិត្ត។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកនេះ គឺមកពីអង្គការលើកកម្ពស់សុខមាលភាពប្រកបដោយចីវភាព ឬហៅថា Sustainable Health Empowerment (SHE)។
កម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកតាំងគោកវិញ គឺមានសកម្មភាព និងប្រភេទជំងឺដែលត្រូវពិនិត្យព្យាបាលពេញ១ថ្ងៃ ក្នុងនោះមានដូចជាការអប់រំស្តីពីអនាម័យ និងសុខភាព ពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ពិនិត្យជំងឺស្រ្តី ពិនិត្យភ្នែក និងផ្តល់វ៉ែនតា ពិនិត្យសម្ពាធឈាម ពិនិត្យជំងឺទូទៅ (ដោយពេទ្យកម្ពុជា) ការពិនិត្យ និងផ្តល់ដៃជើងសិប្បនិម្មិតដល់ជនពិការ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើនេះជាក្រុមគ្រូពេទ្យ និងនិស្សិតមកពីអាមេរិក ក្នុងនោះមានវេជ្ជបណ្ឌិត ៨នាក់ និស្សិតពេទ្យ ១៥នាក់។ ចំណែកឯក្រុមគ្រូពេទ្យ និងនិស្សិតកម្ពុជាមានចំនួន ១៨នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ៥នាក់ ក្រៅពីនោះមានក្រុមគ្រូពេទ្យនៅបារាយណ៍ចំនួន ១១នាក់ទៀត។
សូមជម្រាបថា គិតមកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៥ហើយ ដែលអង្គការនេះបានដាក់កម្មវិធីប្រចាំឆ្នាំចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតែចំនួន ៣ខេត្តគោលដៅប៉ុណ្ណោះ មានដូចជានៅកែវផុស និងរាម ខេត្តព្រះសីហនុ នៅខេត្តសៀមរាប និងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយក្នុងមួយឆ្នាំៗ ពួកគេបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាប្រមាណ ១,២០០នាក់ ដូច្នេះសរុបទាំង៥ឆ្នាំមកនេះ អង្គការ SHE បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧,០០០នាក់ហើយ។
មិនតែប៉ុណ្ណោះ អង្គការ SHE ក៏បានជួយឧបត្ថម្ភថវិកាការសាងសង់អណ្តូងស្នប់ចំនួន ១០កន្លែង នៅស្រុកបារាយណ៍ និងស្រុកតាំងគោក។ អង្គការនេះក៏បានជួយឧបត្ថម្ភសម្ភារបរិក្ខារពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក ដែលគិតជាថវិកាប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។
អង្គការ SHE ក៏មានគម្រោងចង់ជួយឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋស្រុកបារាយណ៍ផងដែរ ក្នុងនោះរួមមាន៖
* បន្តរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺនៅស្រុកបារាយណ៍ជារៀងរាល់ឆ្នាំ។
* បន្តឧបត្ថម្ភថវិកា ដើម្បីធ្វើអណ្តូងស្នប់ជូនប្រជាពលរដ្ឋជាបន្តទៀត។
* លោកស្រី Tery ដែលជាប្រធានអង្គការ SHE ក៏ចង់នាំប្រព័ន្ធទឹកស្អាត និងអ្នកជំនាញពីអាមេរិកមកជួយប្រជាពលរដ្ឋមូលដ្ឋាន (ដូចជាធ្វើអណ្តូង និងប្រព័ន្ធទឹកស្អាតធំមួយសម្រាប់ផ្គត់ផ្គង់ទឹកនៅភូមិ ឬឃុំណាមួយ)៕