ឯកឧត្តម តុប សុភ័ក បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍នៅតាមខេត្តគោលដៅមួយចំនួន
ឯកឧត្តម តុប សុភ័ក ប្រធានក្រុមការងារនៃអនុក្រុមការងារទី៤ ដើម្បីជំរុញនិងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍នៅតាមខេត្តគោលដៅមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។
ការចុះជួបប្រជុំ និងពិនិត្យមើលដោយផ្ទាល់នេះ ក្នុងគោលបំណងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យមានប្រសិទ្ធភាព និងការពង្រឹងគុណភាពសេវាកម្មឧស្សាហកម្មទេសចរណ៍ឲ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួង។
វិធានសុវត្ថិភាពទេសចរណ៍ មិនមែនជាការរឹតបន្តឹង ដាក់បន្ទុកដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទេ ប៉ុន្តែជាការរួមចំណែកធ្វើឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះទទួលបាននូវជំនឿទុកចិត្ត និងការជឿជាក់ពីសំណាក់អតិថិជន និងភ្ញៀវទេសចរ ដែលអាចទទួលបាននូវសេវាកម្មប្រកបដោយភាពកក់ក្តៅ។