ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ក្នុងបរិបទថ្មីនេះ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព
(ភ្នំពេញ)៖ ដោយសារពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែលដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹងគុណភាពជាងមុន។
ជុំវិញបរិបទនេះ គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងនូវដំណោះស្រាយថ្មីៗជាច្រើន ពីក្នុងប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២ ឆ្នាំ២០២០ ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនេះគេបានលើកឡើងនូវចំណុចសំខាន់ជាច្រើន ក្នុងនោះក៏មានការជំរុញឱ្យការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រូវអនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ។ មួយវិញទៀត រាល់ស្ដង់ដាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នានា ត្រូវតែបញ្ចូលចំណេះដឹងអំពីវិធានសុវត្ថិភាពទេសចរណ៍ ដែលជាកាតព្វកិច្ចចាំបាច់សម្រាប់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ចាប់ពីបរិបទនៃការរីករាលដាលជំងឺកូវីដនេះតទៅមុខ។
ពាក់ព័ន្ធនឹងស្ដង់ដាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះទៀតសោត ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ បានថ្លែងថា ចាប់តាំងពីប្រទេសជាសមាជិកអាស៊ាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍ពីគ្នាទៅវិញទៅមក (MRA) នៅឆ្នាំ២០០៩ រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកបានអនុវត្តការបណ្ដុះបណ្ដាលនៅតាមសាលា និងសាកលវិទ្យាល័យវិជ្ជាជីវៈមួយចំនួននូវជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ៣២មុខជំនាញ ដែលស្ថិតនៅក្នុងផ្នែកសណ្ឋាគារ និងផ្នែកសេវាកម្មធ្វើដំណើរ។ សម្រាប់កម្ពុជាក៏បានដាក់ចុះនូវកម្មវិធីទាំងអស់នេះ នៅតាមសាលាមួយចំនួនធំនៅក្នុងប្រទេសរបស់ខ្លួនរួចមកហើយ។
ប្រទេសសមាជិកអាស៊ានដទៃទៀតបានគាំទ្រ និងចាត់ទុកកម្ពុជាថាបាននាំមុខគេក្នុងការអនុវត្តកិច្ចព្រមព្រៀម MRA នេះ ហើយពួកគេក៏បានស្នើឱ្យកម្ពុជារៀបចំស្ដង់ដាបណ្ដុះបណ្ដាលជំនាញម៉ាស្សា។ ចំពោះស្ដង់ដានេះ កម្ពុជាបានរៀបចំ និងបានអនុវត្តការបណ្ដុះបណ្ដាលជោគជ័យជាបន្តបន្ទាប់មកហើយ ហើយក្រសួងទេសចរណ៍បានបំលែងពីស្ដង់ដាជាតិ ទៅជាស្ដង់ដាអាស៊ានរួចហើយដែរ។
ឯកឧត្តមថា អ្នកបម្រើការក្នុងផ្នែកម៉ាស្សាទាំងអស់ មុនចេញធ្វើការពេញសិទ្ធិ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគ្រូបង្គោលអាស៊ាន ដែលមានការទទួលស្គាល់ត្រឹមត្រូវ ផ្អែកលើគុណវឌ្ឍិ និងគុណភាពអាស៊ាន។ អ្នកដែលទទួលការបណ្ដុះបណ្ដាលជំនាញនីមួយៗពីគ្រូបង្គោលអាស៊ានរួចហើយ ពួកគេចង់ទៅធ្វើការនៅប្រទេសណាក៏បាន ឱ្យតែស្ថិតក្នុងតំបន់អាស៊ាន តែក៏ត្រូវស្របទៅតាមច្បាប់ការងារនៃប្រទេសទទួល និងប្រទេសបញ្ជូនផងដែរ ពោលគឺស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងការងារនៃប្រទេសនីមួយៗ។
នៅឆ្នាំ២០២១ ខាងមុខ អាស៊ានក៏បានដាក់ចុះស្ដង់ដា MICE ចំនួន ៣២មុនជំនាញថ្មីទៀត ដែលពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំធំៗ ព្រឹត្តិការណ៍តាំងពិព័រណ៍ជាដើម។
ដូច្នេះស្ដង់ដាបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍អាស៊ានក្នុងក្របខណ្ឌ MRA នឹងឡើងដល់ចំនួន ៧២មុនជំនាញ ដោយបូកទាំងស្ដង់ដាក្នុងផ្នែកសណ្ឋាគារ និងផ្នែកសេវាកម្មធ្វើដំណើរចំនួន ៣២មុខជំនាញ ស្ដង់ដាម៉ាស្សាចំនួន ៦មុខជំនាញ និងស្ដង់ដា MICE ចំនួន ៣២មុខជំនាញថ្មីទៀត។
នាឱកាសកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តោតលើការណែនាំយ៉ាងដូច្នេះថា គ្រប់ការរៀបចំស្ដង់ដាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងចាស់ និងថ្មីសរុបចំនួន ៧០មុខជំនាញនេះ ត្រូវតែដាក់បញ្ចូលនូវស្ដង់ដាអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ានអនុវត្តការងារឱ្យស្របទៅនឹងបរិបទថ្មីៗ ដែលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ និងសម្រាប់សភាពការណ៍ប្រែប្រួលនៅថ្ងៃមុខទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទៀតថា សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក្នុងបរិបទជំងឺកូវីដ គឺត្រូវជំរុញការបណ្ដុះបណ្ដាលតាមប្រព័ន្ធឌីជីថល ឬអនឡាញឱ្យបានផុសផុល ពីព្រោះប្រជាជននៅលើពិភពលោកនាបរិបទថ្មីនេះ ចង់ឬមិនចង់ ពួកគេត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅបែបថ្មី (New Normal Life) ហើយការប្រាស្រ័យទាក់ទងមួយចំនួនដែលធ្លាប់អនុវត្តផ្ទាល់ពីមុននោះ ក៏ត្រូវប្ដូរមកអនុវត្តពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញនេះជាចាំបាច់។
ឯកឧត្តមរដ្ឋមន្ត្រីថា «យើងត្រូវតែជំរុញឱ្យអ្នកជំនាញទេសចរណ៍របស់យើង គិតថាការធ្វើការ ឬការរៀនសូត្រតាមប្រព័ន្ធអនឡាញ គឺជាទម្លាប់ធម្មតាៗ ដែលអ្នកណាៗក៏ត្រូវចេះប្រើប្រាស់វាដែរ។ ធ្វើបែបនេះ គឺដើម្បីរុញចំណេះដឹងផ្នែកអនឡាញនេះឱ្យជ្រាបដល់គ្រប់ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់កម្ពុជា ហើយដល់ពេលនោះ យើងនឹងសម្រេចបានធនធានមនុស្សដែលប្រកបដោយគុណភាពពិតប្រាក»៕