ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកទិវាជិះកង់នៃក្តីស្រឡាញ់ ១៤កុម្ភៈ នៅខេត្តព្រះសីហនុ ជាមេដែកទាក់ទាញទេសចរក្នុងស្រុក និងលាតត្រដាងពីសមិទ្ធផលផ្លូវថ្មីរបស់ខេត្ត

(ព្រះសីហនុ)៖ ដូចដែលមហាជនទូទៅបានដឹងហើយថា ក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងសហការគ្នារៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ គឺទិវាជិះកង់នៃក្តីស្រឡាញ់ នៅខេត្តព្រះសីហនុ រយៈពេលមួយថ្ងៃនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខ ដែលព្រឹត្តិការណ៍នេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយកាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាងបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ពន្ធរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីៗទាំង ៣៧ ខ្សែ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្តីស្រឡាញ់» ការត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផ្លូវថ្មីទាំង ៣៧ ខ្សែ និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានថ្លែងថា មកដល់ពេលនេះអ្នកចុះឈ្មោះចូលរួមសម្រាប់ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» បានប្រមាណជិត ២០០ នាក់ហើយ ហើយកំពុងតែទទួលការចុះឈ្មោះជាបន្តបន្ទាប់ទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ទីតាំងចុះឈ្មោះចូលរួមព្រឹត្តិការណ៍នោះមាន ៣ កន្លែង ដែលទីតាងទី១ នៅទីតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិតរង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទីតាំងទី២ នៅក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ 79C ផ្លូវ 155 សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់នេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យមានការផ្លាស់ប្ដូរឥរិយាបទក្នុងស្រទាប់យុវវ័យនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ខាងលើនេះ ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។ តាមរយៈការជិះកង់នេះនឹងនាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។
ឯកឧត្តមបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះត្រូវបានរៀបចំវិញ្ញាសាកីឡាជិះកង់ចំនួន ៣ ប្រភេទ រួមមាន៖ ទី១. ប្រណាំងកង់ភ្នំចម្ងាយ ៤០ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរឈើទាល១ ទី២. ជិះកង់កម្សាន្តឆ្នេរសមុទ្រចម្ងាយ ២៥ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ និងទី៣. ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ចម្ងាយ ១៥ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ដូចគ្នា។
ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការចូលរួមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានចាត់ក្រុមការងារជំនាញ មន្ត្រីក្រោមឱវាទនៅតាមមន្ទីរ អង្គភាពជុំវិញ ត្រូវសហការរៀបចំកិច្ចការងារនេះឱ្យបានល្អប្រសើរ ពិសេសត្រូវចូលរួមជាមួយក្រសួងទេសចរណ៍ និង NOCC ឱ្យបានសកម្មបំផុត។
ឯកឧត្តមអភិបាលខេត្តដ៏សកម្មរូបនេះ បានបញ្ជាឱ្យមន្ទីរជំនាញសហការរៀបចំសោភ័ណភាពតាមដងផ្លូវសាធារណៈ តាមតំបន់ឆ្នេរសមុទ្រ ពិសេសនៅតាមខ្សែផ្លូវដែលត្រូវជិះកង់នាព្រឹត្តិការណ៍ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ធំធេងដែលខេត្តព្រះសីហនុសម្រេចបានក្នុងពេលថ្មីៗនេះ ពិសេសគឺផ្លូវទាំង ៣៧ ខ្សែ ក្រោមការចង្អុលបង្ហាញប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ដ៏សកម្មរូបនេះ បានចាត់ទុកជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយកាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាងសមិទ្ធផលហេដ្ឋារចនាសម្ពន្ធថ្មីៗដ៏អស្ចារ្យរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីថ្មោងទាំង ៣៧ ខ្សែ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជាក៏ជាឱកាសជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ដូច្នេះព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» វាក៏ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ទេសចរណ៍បានមែន តែត្រូវរៀបចំព្រឹត្តិការណ៍ណាដែលមិនប្រាសចាកនឹងអនុសាសន៍ ៣កុំ និង ៣ការពារ ដែលជាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩។ លោកថា កម្ពុជាក៏ត្រូវឆ្លៀតបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរក្នុងស្រុក និងផ្សព្វផ្សាយទៅទេសចរអន្តរជាតិបានដឹង សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង នៅពេលចប់វិបត្តិកូវីដ១៩៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.