ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានបង្កើនការអនុវត្តន៍វិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍កំលុងពេលភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចលនាទេសចរក្នុងស្រុក នាកំលុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅទីស្នាក់ការ NOCC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធរកវិធីសាស្ត្ររបន្ថែមក្នុងការទប់ស្កាត់ COVID-19 នាកំលុងពេលភ្ជុំបិណ្ឌនេះ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហាញជោគជ័យក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលពុំមានករណីឆ្លង COVID-19 នៅក្នុងគោលដៅទេសចរណ៍នានា ប៉ុន្តែទោះយ៉ាងណានៅក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្ដមបានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានរកវិធីសាស្ត្របន្ថែម ក្នុងការរបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ COVID-19 នេះបន្តទៀត។
ឯកឧត្ដមបណ្ឌិត ថោង ខុន បានថ្លែងថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលគ្រប់អ្នកធ្វើការងារនានាអាចឈប់សម្រាករហូត ៩ថ្ងៃ និងមានទេសចរក្នុងស្រុកចេញធ្វើដំណើរកម្សាន្តកើនរហូតដល់ជាង ២លាននាក់ ហើយពុំមានករណីរាតត្បាតឆ្លង COVID-19 នៅក្នុងសហគមន៍ និងគោលដៅទេសចរណ៍ណានោះទេ ហើយនៅក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌចំនួនចំនួន ៣ថ្ងៃ គ្រប់អ្នកបម្រើការងារនានាអាចឈប់រាករហូតដល់ ៥ថ្ងៃ បណ្តាពលរដ្ឋក្រៅពីអញ្ជើញធ្វើដំណើរទៅទីវត្តអារាមនោះ ប្រជាពលរដ្ឋទាំងនោះនឹងបន្តធ្វើដំណើរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទៀត។
សម្រាប់បញ្ហានេះ ឯកឧត្ដមបណ្ឌិត ថោង ខុន បានជំរុញអាជ្ញាធរមូលដ្ឋាន ជាពិសេសគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវរិះរកវិធីសាស្ត្របន្ថែម រកមធ្យោបាយបន្ថែម អនុវត្តគោលការណ៍ណែនាំរបស់ក្រសួងក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីខិតខំធ្វើឱ្យសហគមន៍ទេសចរណ៍នៅទូទាំងប្រទេសគ្មានករណីរាតត្បាត COVID-19 និងធ្វើឱ្យកម្ពុជាទាំងមូលដ្ឋានក្លាយជាគោលដៅទេសចរណ៍មានគុណណភាពនិងសុវត្ថិភាព។
ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្តថា នៅក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមក រកចំណូលពីទេសចរក្នុងស្រុកបានប្រមាណជាង ១០០លានដុល្លាអាមេរិក ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា និងបង្កើនធ្វើឱ្យបណ្តាអាជីវកម្មដែលបានផ្អាកបណ្តោះអាសន្នបានបើកដំណើរការឡើងវិញជាង ៦០០អាជីវកម្ម ហើយមានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណជាង ៧,០០០នាក់ បានត្រឡប់ចូលធ្វើការងារវិញ។
សូមជម្រាបថា វិធានសុវត្ថិភាពទេសចរណ៍បច្ចុប្បន្ន គឺអនុវត្តបានលើអាជីវកម្មដែលបើកដំណើរការផ្តល់សេវាចំនួន ៦ រួមមាន៖ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាដឹកជញ្ជូនផ្លូវគោគ ផ្លូវទឹក និងសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ជាដើម។
ឯកឧត្ដមបានណែនាំនាយកដ្ឋានជំនាញទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជំរុញការផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ពិសេសលើខ្លឹមសារសំខាន់ចំនួន ២ គឺ៖
១៖ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវរៀបចំឱ្យមានការត្រួតពិនិត្យកម្ដៅ ទឹកអាកុលសម្លាប់មេរោគ និងតម្រូវឱ្យទេសចរប្រើប្រាស់ម៉ាស ឬក្រមាឱ្យបានជាប្រចាំ និងជាពិសេសត្រូវកត់ត្រាអត្តសញ្ញាណភ្ញៀវទេស ដែលចូលកម្សាន្តតាមគោលដៅទេសចរណ៍។
២៖ ប្រតិបត្តិករទេសចរណ៍ត្រូវពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗត្រូវសរសេរឱ្យបានច្បាស់លាស់ក្នុងតារាង ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវបានដឹងមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ក្នុងករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕