អ្នកជំនាញ៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ (Equinox Angkor) ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តត្រូវបានរំពឹងថា អាចនឹងកើតមានឡើងនៅថ្ងៃទី ២១-២២-២៣ ខែកញ្ញានេះ ខណៈ អ្នកជំនាញដែលធ្វើការក្នុងវិស័យទេសចរណ៍ យល់ថា ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor គឺនឹងកើតមាននៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះពីម៉ោង៥,០០នាទី ដល់ម៉ោង ៧:០០ នាទីព្រឹក។
ក្រសួងបន្តថា៖« ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១-២២-២៣ ខែកញ្ញា ហើយព្រឹត្តិការណ៍នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុង១ឆ្នាំ គឺនៅក្នុងខែកញ្ញា និងខែមីនា»។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ដែលត្រូវបានគេស្គាល់ថា ជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ គឺជាការស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។
ជុំវិញព្រឹត្តិការណ៍នេះដែរលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងនៅថ្ងៃទី២១ ខែកញ្ញាថា បើតាមព័ត៌មានពីមន្ទីទេសចរណ៍ខេត្តសៀមរាប សម្រាប់ថ្ងៃទី២១ ខែកញ្ញា ខេត្តសៀមរាប មិនទាន់បានមើលឃើញព្រឹត្តិការណ៍នេះច្បាស់នៅឡើយទេ ដោយសារតែមានភ្លៀងធ្លាក់។
លោកបន្តថា៖«ដោយសារតែខេត្តសៀមរាប មានភ្លៀង ហើយមានពពកច្រើន មិនទាន់អាចមើលឃើញព្រឹត្តិការណ៍នេះនៅឡើយទេ ដូច្នេះយើងសង្ឃឹមថា យើងនឹងអាចមើលឃើញព្រឹត្តិការណ៍នេះនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែកញ្ញា ប្រសិនបើគ្មានបញ្ហាអាកាសធាតុ»។
ទន្ទឹមនឹងការលើកឡើងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា បានឱ្យដឹងថា ខាងសមាគមបានជូនដំណឹង និងផ្សព្វផ្សាយទៅកាន់ប្រតិបត្តិករទេសចរណ៍ និងត្រៀមខ្លួនទទួលភ្ញៀវទេសចររួចរាល់ហើយដែរ។ នៅពេលមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនៅប្រាសាទអង្គរវត្ត ពិតជាផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។
លោកស្រីបញ្ជាក់ថា៖«ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ គឺបង្ហាញពីភាពអស្ចារ្យនៃស្នាដៃរបស់បុព្វបុរសខ្មែរ ហើយ១ឆ្នាំយើងកើតឡើង២ដង ដែលបានរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរបានច្រើន។ ជាងនេះទៀត កាលដែលយើងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ មិនថា ព្រឹត្តិការណ៍ជាអព្ភូតហេតុក្តី ព្រឹត្តិការណ៍ដែលបង្កើតនិងច្នៃប្រឌិតក្តី សុទ្ធតែបង្កើតបានជាទស្សនីយភាពទាក់ទាញ ប្លែកភ្នែក ប្លែកអារម្មណ៍ដល់ភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជានិងកោតស្ញប់ស្ញែងដល់ដូនតាខ្មែរ ពិសេសជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន»។
បើតាមក្រសួងទេសចរណ៍ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ លើកទី១ក្នុងខែមីនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទអង្គរវត្តចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់។
ជាងនេះទៀត ព្រះរាជពិធីប្រទានព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងអំឡុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ចំនួន ៨ ៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦ ៥០០នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ២ ២២៦នាក់៕