ឡាវនឹងបើកការហោះហើរមកកម្ពុជាឡើងវិញ នាខែតុលាខាងមុខ គោលដៅសំខាន់មានភ្នំពេញ-សៀមរាប-ព្រះសីហនុ
ឡាវនឹងបើកការហោះហើរមកកម្ពុជាឡើងវិញ នាខែតុលាខាងមុខ គោលដៅសំខាន់មានភ្នំពេញ-សៀមរាប-ព្រះសីហនុ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ (Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះហើរមកកាន់កម្ពុជាឡើងវិញ នាអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក ហើយគោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះ រួមមាន រាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។
ដំណឹងដ៏ល្អនេះត្រូវបានបង្ហាញឡើងនាឱកាសជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ឯកឧត្តម អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
ក្រោយបញ្ចប់ជំនួបពិភាក្សាខាងលើ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម អាមផៃ គីនដាវង្ស បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ឱ្យដឹងថា នាអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ នឹងចាប់ផ្ដើមបើកការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញ ក្នុងនោះឡាវនឹងបើកការហោះហើរត្រង់ដំបូងពីរដ្ឋធានីវៀងចន្ទន៍មករាជធានីភ្នំពេញ ហើយនឹងបើកការហោះហើរមកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាបន្តបន្ទាប់ទៀត។
ពិសេសលើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវបានបង្ហើបថា ពេលដែលព្រលានយន្តហោះនៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង ត្រូវបានសាងសង់រួចរាល់នៅក្រោយឆ្នាំ២០២០ ឡាវនឹងបន្តបើកការហោះហើរត្រង់ទៅកាន់កន្លែងនេះបន្ថែមទៀត ដើម្បីនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅតារាសាគរ និងតំបន់នានានៅខេត្តកោះកុង។
ត្រង់ចំណុចនេះបង្ហាញថា ភ្ញៀវទេសចរឡាវ និងភ្ញៀវទេសចរប្រទេសទី៣ (ប្រហែលភាគច្រើនភ្ញៀវជនជាតិចិន) ហាក់ដូចជាចាប់អារម្មណ៍ខ្លាំង ចំពោះតំបន់វិស្សមកាលទេសចរណ៍តារាសាគរ និងតំបន់ទេសចរណ៍តាមមាត់សមុទ្ររបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឯកភាពជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតឡាវថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញនេះ កម្ពុជា-ឡាវ នឹងខិតខំរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ជូនដល់ភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែបថែមទៀត ពិសេសគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្ររបស់កម្ពុជា។
មួយវិញទៀត កម្ពុជា-ឡាវ ក៏ចង់ឱ្យខ្សែទស្សនកិច្ច «គោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក» កាន់តែត្រូវបានជំរុញឱ្យមានសកម្មភាពច្រើនឡើងថែមទៀត ដោយប្រទេសទាំងពីរក៏មានគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក «សៀមរាប-អង្គរ តំបន់ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូរបស់ឡាវ» ផងដែរ ដែលតំបន់ប្រាសាទទាំងនេះសុទ្ធតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរឡាវប្រមាណជាង ៤២ម៉ឺននាក់។ ដោយឡែក ក្នុងរយៈពេល៤ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទេសចរឡាវប្រមាណជាង ១២ម៉ឺននាក់ ឈរលើចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមទេសចរអន្តរជាតិ ១០ប្រទេស ដែលមកទស្សនាកម្ពុជា (Top 10)។
ប្រទេសឡាវ ត្រូវបានគេស្គាល់ថាជាប្រទេសសម្បូរទៅដោយតំបន់អេកូទេសចរណ៍ និងតំបន់បេតិកភណ្ឌ ប៉ុន្តែប្រទេសឡាវមិនមានសមុទ្រនោះឡើយ៕