ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ទី៤ខែតុលា ទទួលបានទេសចរជាង១៩ម៉ឺននាក់, ពេញមួយខែតុលា មានភ្ញៀវចេញដើរកម្សាន្តជាង១លាន៤៨ម៉ឺននាក់ កើនឡើងជាង៤០០%

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១ ភ្ញៀវសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ពោលគឺកើនឡើងប្រមាណ៤ដង ធៀបនឹងខែកញ្ញាកន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន៖
* ខេត្តកំពត៖ ២៣០,០៤៦ នាក់
* ខេត្តព្រះសីហនុ៖ ១៩៨,៩៦៥ នាក់
* ខេត្តកែប៖ ១៤៨,២១៣ នាក់
* រាជធានីភ្នំពេញ៖ ១២២,៣១៥ នាក់
* ខេត្តពោធិ៍សាត់៖ ១០៨,១៤០ នាក់
* ខេត្តសៀមរាប៖ ៨៣,៣៩៤ នាក់
* ខេត្តបាត់ដំបង៖ ៧៤,៣៧១ នាក់
* ខេត្តកំពង់ចាម៖ ៧២,១២៩ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបង្ហាញការកត់សម្គាល់ដែរថា ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះ គឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើន ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្ដមបានបន្តថា មូលដ្ឋានអាជីវកម្មនៅតាមគោលដៅដែលធ្លាប់រងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម បានផ្តើមប្រតិបត្តិការឡើងវិញជាបណ្តើរៗ ដែលជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ខណៈដែលគោលដៅដែលពេញនិយម ពិសេសគោលដៅខេត្តតំបន់ឆ្នេរសមុទ្រ នៅតែជាគោលដៅដែលស្រូបទាញលំហូរភ្ញៀវទេសចរបានច្រើន។
បើតាមការអះអាងរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ ព្រមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ជាដើម បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ស្របពេលដែលក្រសួងទេសចរណ៍កំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀត ដូចជាស្ប៉ា និងម៉ាស្សា បៀរហ្កាឌិន សេវាកម្សាន្តផ្សេងៗទៀតជាដើម ស្របតាមផែនការយុទ្ធជំរុញចលនាទេសចរណ៍ផ្ទៃក្នុង (២០២១-២០២៣)៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.