សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍
សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នៅសណ្ឋាគារហ្គាដិនស៊ីធី (Garden City) រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្ត ក្រុមការងារអន្តរក្រសួង អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៥៥០នាក់។
វេទិកាជាតិលើកទី១នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ វេទិកានេះគឺជាការជួបជុំថ្នាក់ជាតិដ៏ធំជាលើកដំបូងរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលនឹងរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលយកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗក្នុងវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។
សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់កិត្តិយសប្រគល់សៀវភៅគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩ - ២០៣០) ជូនឯកឧត្តម ថោង ខុន និងចែកជ័យលាភីជូនសហគមន៍ទេសចរណ៍គំរូលើកទី២ ឆ្នាំ២០១៩ និងជ័យលាភីនៃការប្រលងប្រណាំងវីដេអូអំពីសហគមន៍ឆ្នាំ២០១៩ផងដែរ។
អង្គវេទិកាក៏មានរៀបចំជាពិព័រណ៍ខ្នាតតូចស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅខាងក្រៅសាលប្រជុំ ហើយនៅចុងបញ្ចប់នៃអង្គវេទិកានេះ នឹងមានចេញជាសេចក្តីថ្លែងការណ៍មួយ(Declaration) ស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍៕