សេដ្ឋកិច្ចនិងទេសចរណ៍របស់កម្ពុជាកំពុងតែទទួលបានផលប្រយោជន៍ពីការបើកប្រទេសចិនឡើងវិញ
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការបើកច្រកព្រំដែនរបស់ប្រទេសចិននាពេលខាងមុខនេះនឹងធ្វើឱ្យសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាមានភាពរស់រវើកឡើងវិញ។
សម្តេចបានបន្តថា កម្ពុជា និងប្រទេសដទៃទៀតកំពុងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកគ្រោងនឹងបើកច្រកព្រំដែនឡើងវិញនៅថ្ងៃទី ៨ ខែមករា។
សម្តេចបានមានប្រសាសន៍ដូឆ្នេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេដែលជាជំនួយរបស់ប្រទេសចិននៅខេត្តក្រចេះថា៖ «កម្ពុជាជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន។
សម្តេចបានបន្ថែមថា កម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន ដោយលោកមានប្រសាសន៍ថា វត្តមានរបស់ពួកគេមានសារៈសំខាន់ចំពោះកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចបានបន្ថែមទៀតថា “នៅពេលដែលចិនបើកព្រំដែនឡើងវិញ ជើងហោះហើរនឹងមានចំនួនកើនឡើង ដូច្នេះយើងសង្ឃឹមថានឹងស្វាគមន៍ភ្ញៀវទេសចរចិនប្រហែល ២ លាននាក់ម្តងទៀត (ក្នុងឆ្នាំ ២០២៣)” ។
មុនការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ២,៣៦ លាននាក់ក្នុងឆ្នាំ ២០១៩។
វិស័យទេសចរណ៍គឺជាសសរស្តម្ភសំខាន់មួយក្នុងចំនោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ នៅមុនការរាតត្បាតនៃជំងឺ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន ៤.៩២ ពាន់លានដុល្លារ ដែលរួមចំណែក១២.១ ភាគរយដល់ផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ CGTN