រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ត្រូវបានរៀបចំឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ
បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីជាគោលដៅចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាខេត្តជាប់បឹងទន្លេសាបមួយនេះ។
តាមរយៈក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែសីហា លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង និងបានចុះត្រួតពិនិត្យការអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលជាគោលដៅទាក់ទាញទេសចរណ៍ចម្បងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។
ក្រសួងទេសចរណ៍ បានបន្តថា ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ គឺស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្តដែលជាសេនាធិការបានរៀបចំ «ផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ»។
ការអនុវត្តផែនការសម្អិតនេះទាមទារឱ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឱ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ថា មូលហេតុដែលរដ្ឋបាលខេត្តបាត់ដំបង ជ្រើសរើសរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូដ៏ទាក់ទាញមួយរបស់ខេត្ត ព្រោះតំបន់នេះមានសត្វប្រចៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំ មកខាងក្រៅ ហើយធ្វើឱ្យភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍។
មួយទៀត ដោយសារភ្នំសំពៅ គឺមានតំបន់បុរាណវិទ្យា ដែលបន្សល់ទុកពីជំនាន់ជាច្រើន ហេតុនេះតំបន់នេះត្រូវបានចាត់ទុកជាកន្លែងប្រវត្តិសាស្ត្រមួយ នៃការកកើតនៃទឹកដីកម្ពុជា ហើយកន្លងមករមណីយដ្ឋានភ្នំសំពៅ មិនសូវមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងគ្រប់គ្រងសោភណភាពនៅជុំវិញតំបន់រមណីយដ្ឋានភ្នំសំពៅនេះឡើយ។
លោក សឿម ប៊ុនរិទ្ធិ ថ្លែងថា៖ «អ៊ីចឹង! ខេត្តលូកដៃរៀបចំហ្នឹង គឺដើម្បីឱ្យតំបន់នេះកាន់តែមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ តាំងពីការចតយានយន្ត អំពីការអង្គុយមើលទស្សនាសត្វប្រចៀវចេញពីល្អាង អាហ្នឹងយើងរៀបចំវាឱ្យទៅជាលក្ខណៈស្ដង់ដាមួយ ដែលមានភាពទាក់ទាញ។ ប្រសិនជាយើងទុកបែបនេះទៀត វាជាការសោកស្ដាយណាស់ដែលភ្នំសំពៅមានចំណុចទាក់ទាញច្រើនក្នុងការទស្សនា ប៉ុន្តែគ្មានអ្នកដឹង»។
លោកបន្ថែមថា រមណីយដ្ឋានភ្នំសំពៅ វាក៏ជាកន្លែងដ៏មានភាពអស្ចារ្យមានទាំងបុរាណវិទ្យាដែលបញ្ជាក់ពីការកកើតនៃទឹកដីកម្ពុជា ហើយចំណែកអ្នកទេសចរ អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ៕