រដ្ឋលេខាធិការក្រសួងទេសចរណ៍៖ សហគមន៍ល្អ និរន្តរភាពទេសចរណ៍ កាត់បន្ថយភាពក្រីក្រ
រដ្ឋលេខាធិការក្រសួងទេសចរណ៍៖ សហគមន៍ល្អ និរន្តរភាពទេសចរណ៍ កាត់បន្ថយភាពក្រីក្រ
(សៀមរាប)៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី " ស្ត្រីសហគមន៍ និងទេសចរណ៍ " ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប មានសមាសភាពពាក់ព័ន្ធចូលរួមទាំងក្នុងវិស័យរដ្ឋ-ឯកជន សហគមន៍ទេសចរណ៍ និងនិស្សិតក្នុងខេត្តសរុបប្រមាណជាង២៥០នាក់។
ថ្លែងក្នុងអង្គសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា " សហគមន៍ល្អ និរន្តរភាពទេសចរណ៍ កាត់បន្ថយភាពក្រីក្រ " ។
ហេតុដូចនេះហើយទើប សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងតួនាទីស្ត្រីសហគមន៍ ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។
លោកជំទាវបានបញ្ជាក់ទៀតថា សហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានតាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូល។ ទេសចរណ៍សហគមន៍ត្រូវបានចាត់ទុកជាផលិតផលមួយយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈសកម្មភាពសេវាកម្មទេសចរណ៍ដែលបានបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី របៀបរបបរស់នៅ ការអភិរក្សវប្បធម៌ និងធនធានធម្មជាតិជាដើម។
ក្នុងន័យនេះ សហគមន៍ទេសចរណ៍គឺជាទម្រង់មួយនៃវិស័យទេសចរណ៍ដែលបានផ្តល់សិទ្ធិអំណាចដល់សហគមន៍ ក្នុងការគ្រប់គ្រងនូវកំណើនទេសចរណ៍ សម្រេចបាននូវឧត្តមភាពរបស់សហគមន៍ពាក់ព័ន្ធនឹងសុខុមាលភាព រួមមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ម្យ៉ាងវិញទៀតសហគមន៍ទេសចរណ៍ គឺជាសកម្មភាពទេសចរណ៍ដែលសហគមន៍មានសិទ្ធិជាម្ចាស់ក្នុងការប្រតិបត្តិការ និងគ្រប់គ្រងឬសម្របសម្រួលក្នុងកម្រិតសហគមន៍ដែលចូលរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍ តាមរយៈការគាំទ្រដល់ជីវភាពរស់នៅ និងការពារតម្លៃសង្គម-វប្បធម៌ ប្រពៃណី និងធនធានបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។
ក្នុងសកម្មភាពទាំងអស់នេះស្រ្តីក៏បានរួមចំណែកធំ និងប្រកបដោយសក្តានុពលក្នុងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង។
ជាក់ស្តែងក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២លាននាក់ ជាមួយទេសចរក្នុងស្រុកប្រមាណ ១១,០៦លាននាក់ ដែលបាននាំចំណូលប្រមាណជាង ៤,៣៧៥លានដុល្លារ និងបានផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ផ្សេងទៀត។ ដោយឡែកសម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩នេះ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ កើនឡើងក្នុងអត្រាប្រមាណ១០%។ តាមការព្យាករណ៍កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ នៅឆ្នាំ២០១៩នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០។
ខណៈដែលវិស័យទេសចរណ៍ពិភពលោក មានកំណើនក្នុងរង្វង់ប្រមាណ ៥%ក្នុងមួយឆ្នាំ វិស័យទេសចរណ៍ និងអេកូទេសចរណ៍សហគមន៍មានកំណើនប្រមាណ ២០%ជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកជាសសរស្តម្ភក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕