រដ្ឋមន្ត្រី សាយ សំអាល់៖ សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍
(សៀមរាប)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិមានចំនួន ១៧៤ នៅទូទាំងប្រទេសកម្ពុជា ក្នុងចំណោមនោះមានសហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០ កំពុងមានសកម្មភាពទេសចរណ៍។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ត្រូវបានក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ កម្មវិធីនេះដែរត្រូវធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងវត្តមានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមររដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបរិស្ថានបានសម្រេចគោលដៅក្នុងការរៀបចំ បង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិទាំងអស់ ដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួន ១៧៤ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ តួនាទី និងការទទួលខុសត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋទាំងស្រុងលើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងជីវចម្រុះ និងជំរុញការរស់នៅដោយចីរភាព ដោយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចតាមសហមគមន៍នីមួយៗ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «ក្នុងចំណោមចំនួននេះ មានសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ផ្សេងទៀតក្នុងតំបន់ការពារធម្មជាតិជាង ២០ ដែលមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ និងកំពុងផ្តល់សេវាកម្មនេះដល់ភ្ញៀវទេសចរ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍអេកូទេសចរណ៍ដែលឈរលើគោលការណ៍និរន្តរភាពបរិស្ថាន ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការបែងចែកផលសេដ្ឋកិច្ចប្រកបដោយសមធម៌ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។
ក្នុងន័យនេះ ក្រសួងបរិស្ថានបាននិងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។
ក្រៅពីនេះ ក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានារបស់រដ្ឋ ជាអាទិ៍អេកូទេសចរណ៍ កសិកម្មបែបទំនើប សុខភាពសហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំលុងវិបត្តិកូវីដ-១៩នេះ និងការផ្តល់ជាពូជបន្លែ សត្វជាដើម។
ឯកឧត្តមស្នេីមតិមួយចំនួនដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកកម្ពស់ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ រួមមាន៖
* ក្រសួង ស្ថាប័នពាក់ព័ន្ធគួរបង្កើត ឬពង្រឹងយន្តការសម្របសម្រួលនិងសហការគ្នាបន្ថែមទៀត ដើម្បីផ្តល់កិច្ចគាំទ្រដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាសាធារណៈដទៃទៀតទៅដល់សហគមន៍មូលដ្ឋាន ស្របទៅតាមគោលនយោបាយអន្តរវិស័យនានារបស់រដ្ឋដែលបានដាក់ចេញ ដូចជាទឹកស្អាត បង្គន់អនាម័យ សុខាភិបាល ការគ្រប់គ្រងសំរាម សំណល់រឹង ទឹកកខ្វក់ទីប្រជុំជនជាដើម។
* ក្រសួង ស្ថាប័នពាក់ព័ន្ធគួរបន្តសម្របសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែល្អប្រសើរ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍។
* សូមភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញការលើកកម្ពស់សមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សហគ្រិនភាព ការផ្សព្វផ្សាយបច្ចេកទេស និងការគាំទ្រជាសម្ភារៈ និងធនធានចាំបាច់ ជាពិសេសលើការដាំដុះ និងការចិញ្ចឹមសត្វ។
* សូមភាគីពាក់ព័ន្ធទាំងអស់បន្តសម្របសម្រួល និងជំរុញការបង្កើតបណ្តាញទីផ្សារ ក្រុមសន្សំ និងក្រុមផលិតក្នុងសហគមន៍មូលដ្ឋានជាដើម ដើម្បីធានាបាននូវច្រវាក់តម្លៃ និងនិរន្តរភាពទីផ្សារសម្រាប់សហគមន៍។
* សូមអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ចូលរួមផ្តល់ការគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់សហគមន៍មូលដ្ឋាន ជាលក្ខណៈបំពេញបន្ថែមដល់គោលនយោបាយ និងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពខ្ពស់៕