រដ្ឋមន្ត្រី ថោង ខុន អំពាវនាវប្រត្តិបត្តិករទេសចរណ៍អាស៊ី ចូលរួមពិពណ៌ទេសចរណ៍អន្តរជាតិ និងវេទិកាអន្តរជាតិ វិនិយោគទេសចរណ៍នៅកម្ពុជា
រដ្ឋមន្ត្រី ថោង ខុន អំពាវនាវប្រត្តិបត្តិករទេសចរណ៍អាស៊ី ចូលរួមពិពណ៌ទេសចរណ៍អន្តរជាតិ និងវេទិកាអន្តរជាតិ វិនិយោគទេសចរណ៍នៅកម្ពុជា
(ប៉េកាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវប្រត្តិបត្តិករទេសចរណ៍អាស៊ី ចូលរួមពិពណ៌ទេសចរណ៍អន្តរជាតិ និងវេទិកាអន្តរជាតិ វិនិយោគទេសចរណ៍នៅកម្ពុជា ក្នុង ខែតុលា ២០១៩ ខាងមុខនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តម ឡ ស៊ុនកាង រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ចិន លោក ប៊ូសងខំវង្ស តារា រដ្ឋមន្ត្រីក្រសួងវប្បធម៌ទេសចរណ៌ ព័ត៌មានឡាវ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ វិចិត្រសិល្បៈកម្ពុជា ក្នុងពិធីបើកពិពរ័ណ៍វប្បធម៍ និងទេសចរណ៍អាស៊ី កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងប៉េកាំង ដែលកម្ពុជា និង ឡាវ ត្រូវបានផ្តល់ជាប្រទេសកិត្តិយសផងដែរ។
ពិពណ៌នេះរៀបចំឡើងរៀបចំឡើងបន្ទាប់ពីសន្និសិទ្ធវប្បធម៌ ទេសចរណ៍ និងទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្ត្រីថោង ខុនបានចែករំលែកដល់បណ្ដាប្រទេសក្នុងទ្វីបអាស៊ីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រហូតទទួលបានចំណាត់ថ្នាក់ជើងឯកនៃកំណើន រហូតដល់ ៧,៧% នៅឆ្នាំ២០១៨នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអ្នកចូលរួមមកពីទ្វីបអាស៊ីថា ដោយយោងលើកត្តា សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម សន្តិសុខ និងសុវត្ថិភាព សេដ្ឋកិច្ចកម្ពុជានឹងបន្តកើន ឡើងថែមទៀត នាថ្ងៃអនាគត ហើយវិស័យទេសចរណ៍កម្ពុជានឹងទទួលបានកំណើនតាមការគ្រោងទុក ដោយរាជរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់បន្ថែមទៀត មានដូចជា គម្រោងបង្កើតព្រលានយន្តថែម ២ទៀតនៅរាជធានីភ្នំពេញ និងសៀមរាប ការពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុ ការពង្រីកកំពង់ផែទឹកជ្រៅ ការសាងសង់កំពង់ទេសចរណ៍នៅខេត្តកំពត គម្រោងសាងសង់ផ្លូវល្បឿនលឿនការសម្រួលការផ្ដល់ទិដ្ឋការពេលមកដល់ eVisa ទិដ្ឋាការចេញចូល ច្រើនដង រយៈពេល១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ ការប្រើប្រាស់តែបណ្ណធានារ៉ាប់រងសំរាប់ការសម្រួលការធ្វើដំណើរទេសចរបើកបរដោយខ្លួនឯង (Self-Driving Tour) ជាគ្រួសារ។ល។
លើសពីនេះទៀត រាជរដ្ឋាភិបាលក៏មានគោលនយោបាយលើកទឹកចិត្តទេសចរវ័យចំណាស់ ទេសចរផ្ទះទីពីរ អភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ទេសចរណ៍ម្ហូបអាហារ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក៏ត្រូវបានពង្រីក និងពង្រឹង បន្ថែមទៀត ស្របតាមបរិបទនៃគំនិតផ្ដួចផ្ដើម ខែ្សក្រវ៉ាត់ និងវិថី ក៏ដូចជាស្មារតីនៃសហគមន៍វាសនារួមកម្ពុជា ចិនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកដែរថា ប្រទេសចិនគឺជា គោលដៅទេសចរណ៍វប្បធម៌ដ៏ធំរបស់ពិភពលោក ហើយក៍ជាទីផ្សារទេសចរណ៍ផ្គត់ផ្គង់ដ៏ធំរបស់ពិភពលោកផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញក្រុមហ៊ុនទេសចរណ៍ចិន និងប្រទេសអាស៊ីផ្សេងៗទៀត ចូលរួមក្នុងកម្មវិធីពិព័រណ៌ទេសចរណ៍កម្ពុជា លើកទី៣ និងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ ដែលនឹងរៀបចំនៅខែតុលា ឆ្នាំ២០១៩ខាងមុខ នៅទីក្រុងភ្នំពេញផងដែរ។
គួររំលឹកថា រយៈពេល០៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើន៩.៧% ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ឆ្នាំ ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ជាង៧លាននាក់ ក្នុងនោះទេសចរជនជតិចិន អាចកើនដល់៣លាននាក់៕