រដ្ឋមន្ត្រី ថោង ខុន ផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាប្រទីបក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អភិក្រមជាគោល និងអនុសាសន៍សំខាន់ៗជាច្រើនចំណុច ដើម្បីជាប្រទីបក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ពិសេសដើម្បីឱ្យគម្រោងរៀបចំផែនការមេនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ការផ្ដល់អនុសាសន៍ទាំងនោះ ត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គរ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងកម្មវិធីនោះក៏មានការចូលរួមពីលោកសាស្ត្រាចារ្យ Harry Coccossis មកពីសាកលវិទ្យាល័យ Toulouse នៃប្រទេសបារាំង និងក្រុមអ្នកជំនាញការជាតិ-អន្តរជាតិផងដែរ។


រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ផែនការមេនេះ មានសារៈសំខាន់ជាយុទ្ធសាស្រ្តចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសចូលរួមគាំទ្រដល់ការសម្រេចឲ្យបានចក្ខុវិស័យ នៃការទទួលភ្ញៀវទេសចរប្រមាណ ១១លាននាក់ ឆ្នាំ២០២៥, ១៥លាននាក់ នៅឆ្នាំ២០៣០ និង ២០លាននាក់ នៅឆ្នាំ២០៣៥ ហើយដែលក្នុងនោះប្រមាណជិត៥០% នឹងធ្វើដំណើរមកទស្សនាខេត្តសៀមរាប ពីព្រោះសៀមរាបជាប៉ូលទេសចរណ៍ដ៏ចម្បងបំផុតរបស់កម្ពុជា។

ឯកឧត្តមបានបន្តថា ខេត្តសៀមរាបត្រូវពង្រឹងលក្ខណៈសម្បត្តិរបស់ខ្លួន សម្រាប់ចាប់យកកាលានុវត្តភាព ដែលមានលើទីផ្សារអន្តរជាតិ និងត្រៀមខ្លួនឲ្យបានរួចរាល់ចំពោះបញ្ហាប្រឈមថ្មីៗ ដូចជានិន្នាការនៃការថយចុះ នៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាច។


ដូច្នេះផែនការមេនេះ ត្រូវរៀបចំឡើងដោយផ្អែកលើអភិក្រមជាគោលចំនួន២ រួមមាន៖

ទី១៖ ការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ប្រកបដោយគុណតម្លៃវិសេសវិសាល។
ទី២៖ ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
ហេតុដូច្នេះ រាល់ប្រធានបទដែលបានលើកយកមកពិភាក្សាកាលពីម្សិលមិញនេះ សុទ្ធតែមានភាពប្រទាក់ក្រឡា ដែលតម្រូវឲ្យមានការចូលរួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ។


ដើម្បីឲ្យគម្រោងរៀបចំផែនការមេប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍គន្លឹះដូចខាងក្រោម៖


ទី១៖ ស្នើឲ្យស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមផ្តល់ព័ត៌មានដល់ក្រុមលេខាធិការដ្ឋាន និងអ្នកជំនាញការ តាមការស្នើសុំ ក៏ដូចជាចូលរួមផ្តល់យោបល់តាមតម្រូវការ ដើម្បីឲ្យអ្នកជំនាញអន្តរជាតិអាចសិក្សាស្វែងយល់ និងវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ។


ទី២៖ អំពាវនាវឲ្យមានការចូលរួមពីវិស័យឯកជនឲ្យបានផុសផុល ព្រោះការអភិវឌ្ឍដែលជោគជ័យ គឺចាំបាច់ត្រូវមានការសហការជាដាច់ខាតជាមួយវិស័យឯកជន ដែលជាអ្នកផ្តល់សេវាដោយផ្ទាល់ និងជាអ្នកនាំភ្ញៀវមកកាន់ខេត្តសៀមរាប។


ទី៣៖ ថ្វីត្បិតតែផែនការមេនេះមានទស្សនវិស័យរយៈពេលវែងរហូតដល់ឆ្នាំ២០៣៥ តែផែនការយុទ្ធសាស្ត្រ និងផែនការមួយចំនួនត្រូវការអនុវត្តនាពេលឆាប់ៗ ដើម្បីឆ្លើយតបនឹងស្ថានការបច្ចុប្បន្ន។ ដូច្នេះទាំងអ្នកជំនាញការ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវពិចារណារួមគ្នាសម្រេចឲ្យផែនការការមេនេះ ជាផែនការដែលមានលក្ខណៈអាចអនុវត្តបានទៅតាមដំណាក់កាល បន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។


ទី៤៖ ធ្វើការអភិរក្សក្រុងសៀមរាម និងតំបន់អភិរក្សផ្សេងៗទៀតឲ្យមាននិរន្តរភាព ដោយរាល់ការសាងសង់សំណង់អគារនានានៅខេត្តសៀមរាប ត្រូវតែគោរពទៅតាមប្លង់មេប្រើប្រាស់ដីខេត្ត និងក្រុងសៀមរាប និងបទដ្ឋាគតិយុត្តនានាផ្នែកនគររូបនីយកម្ម និងសំណង់ឲ្យបានត្រឹមត្រូវ ការមិនរំលោភតំបន់ហាមឃាត់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ពិសេសត្រូវគោរពតាមគោលការណ៍អភិរក្សរបស់អង្គការ UNESCO និងការណែនាំរបស់ ICC-Angkor។ រីឯសំណង់ក្នុងក្រុងត្រូវគិតគូរទាំងភាពស៊ីសង្វាក់គ្នាផ្នែកស្ថាបត្យកម្ម រួមទាំងដំបូលអគារត្រូវរៀបចំឲ្យមានព័ណ៌ដូចៗគ្នា។

ទី៥៖ ដោយហេតុថា ក្រុងសៀមរាបជាជ័យលាភីទីក្រុងស្អាតទាំងថ្នាក់ជាតិ (រំដួល៣ទង) និងជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដូច្នេះចាំបាច់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការរៀបចំឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថានស្អាត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងមិនឱ្យលិចក្រុង ការរៀបចំចិញ្ចើមផ្លូវ ផ្លូវជិះកង់ បញ្ជៀសការកកស្ទះចរាចរនៅក្នុងក្រុងសៀមរាប បន្តពង្រឹងការគ្រប់គ្រងសំណល់រឹង និងសេវាប្រមូលសំរាម ដោយរៀបចំទីលានចាក់សំរាមតាមបទដ្ឋានបច្ចេកទេស ការជំរុញកែច្នៃសំណល់រឹង ការរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវ អាងចម្រោះធម្មជាតិ ការប្រើប្រាស់ Septic tank នៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងការរៀបចំ និងការថែទាំប្រព័ន្ធបណ្តាញលូ ប្រឡាយទឹកភ្លៀង និងទឹកកខ្វក់នៅតាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

ទី៦៖ ត្រូវគិតគូរពីការធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យមានភាពសម្បូរបែប ដោយត្រូវបន្តរៀបចំតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ទន្លេសាបជាគោលដៅអេកូទេសចរណ៍ រៀបចំទេសចរណ៍ម្ហូបអាហារទេសចរណ៍ជនបទ និងកសិទេសចរណ៍ តភ្ជាប់ជាមួយតំបន់ប្រាសាទ ដូច្នេះត្រូវមានការគិតគូរ Zoning តំបន់អភិវឌ្ឍទៅតាមប្រភេទផលិតផលទេសចរណ៍។

ទី៧៖ ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគន៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វ័យឆ្លាត និងទីក្រុងវ័យឆ្លាតនៅខេត្តសៀមរាប ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បែបទំនើប ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងផ្នែកនគរូបនីយកម្ម និងសំណង់ មធ្យោបាយធ្វើដំណើរ និងបែបផែននៃការរស់នៅរបស់ប្រជាពលរដ្ឋជាដើម ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តនាពេលបច្ចុប្បន្ន ស្របពេលដែលវិស័យទេសចរណ៍ពិភពលោកទាំងមូល បាននិងកំពុងបោះជំហានទៅរកយុគសម័យឌីជីថល។

បើតាមឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការសិក្សារៀបចំលើផែនការមេនេះ នឹងត្រូវបញ្ចប់ជាដំណាក់កាលៗ ហើយនឹងបញ្ចប់ទាំងស្រុងនៅអំលុងដើមឆ្នាំ២០២០។ វានឹងត្រូវគេយកមកអនុវត្តចាប់ពីឆ្នាំ២០២០-២០៣៥ ហើយក៏នឹងមានការសិក្សា រៀបចំ និងអនុវត្តបន្តបន្ទាប់ទៀតដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.