រដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យក្រុមការងារសម្រេចការត្រៀមរៀបចំបុណ្យទន្លេឱ្យបាន ១០០% នៅ៣សប្ដាហ៍ទៀត ខណៈគិតត្រឹមពាក់កណ្ដាលខែកុម្ភៈនេះ ការងារទាំងឡាយសម្រេចបាន ៧០-៨០% ហើយ
(កំពង់ឆ្នាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើទី៥ នៅខេត្តកំពង់ឆ្នាំង បានជំរុញដាស់តឿនក្រុមការងារគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវខិតខំសម្រេចការងារត្រៀមរៀបចំពិធីបុណ្យទន្លេនេះឱ្យបាន ១០០% ខណៈគិតត្រឹមសប្ដាហ៍ទី៣ នៃខែកុម្ភៈនេះ ការងារទាំងឡាយសម្រេចបានប្រមាណពី ៧០-៨០% ហើយ។
ការជំរុញផែនការការងារនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ នៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងកិច្ចខិតខំយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ ដែលមកល់ពេលនេះបានប្រមាណ ៧០ - ៨០% ហើយនោះ ទិសដៅការងារមួយចំនួនទៀត ត្រូវបានឯកឧត្តម ថោង ខុន ណែនាំបញ្ជាក់បន្ថែម និងដាក់ឱ្យអនុវត្តបន្ត ដើម្បីសម្រេចឱ្យបាន ១០០% ក្នុង៣សប្តាហ៍ទៀត ដូចមានតទៅ៖
* ក្រុមការងារត្រូវចុះផ្សព្វផ្សាយអប់រំពីបញ្ហាសំរាមដល់អាជីវករ ដែលលក់ម្ហូបអាហារ នំចំណី និងទំនិញរបស់ខ្លួននៅក្នុងពិធីបុណ្យទន្លេខាងមុខនេះ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ហើយពោរពេញដោយភាពស្អាតថែមទៀត។ រាល់ស្ដង់នីមួយៗត្រូវមានធុងសំរាម ហើយអាជីវករក៏ត្រូវចូលរួមសម្អាតអនាម័យនៅតាមស្ដង់របស់ខ្លួនផងដែរ។
* ថ្វីដ្បិតការរៀបចំតុបតែងលម្អទូទាំងក្រុងកំពង់ឆ្នាំង កំពុងមានភាពមមាញឹក និងកំពុងលេចជារូបភាពបណ្ដើរក៏ពិតមែន ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីនៅតែដាស់តឿនជាប្រចាំ ដើម្បីឱ្យក្រុមការងារខាងរៀបចំតុបតែងសោភ័ណភាពនេះ ឱ្យបានលឿនឆាប់រហ័ស និងទាន់ពេលវេលា។
* ចំពោះសកម្មភាពកីឡា ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ប្រភេទកីឡាដែលត្រៀមរៀបចំក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង មានចំនួន១១ប្រភេទ ចែកចេញជា២ផ្នែក៖ ផ្នែកទី១៖ កីឡាបង្ហាញពីអត្តសញ្ញាណ (កីឡាបុរាណ) មានកីឡាចំបាប់បុរាណខ្មែរ ប្រដាល់គុនខ្មែរ កីឡាទាញព្រ័ត្រ ប្រណាំងសេះ ប្រណាំងទូកង និងកីឡាល្បុក្កតោ ផ្នែកទី២៖ កីឡាទំនើប មានបាល់ទាត់ បាល់ទះ បាល់បោះ រត់ប្រណាំង ជិះកង់។
* ត្រូវបន្តការរៀបចំក្រុងកំពង់ឆ្នាំងឱ្យបានស្អាតជាងមុន ដើម្បីឱ្យទីក្រុងដ៏សំខាន់នេះ ជាប់ជ័យលាភីទីក្រុងស្អាតអាស៊ាន។ ប្រសិន បើក្រុងកំពង់ឆ្នាំង ទទួលបានជ័យលាភីពីអាស៊ាននេះមែន វាគឺជាសមិទ្ធផលធំមួយទៀត ក្រោយពីការរៀបចំបុណ្យទន្លេនេះ។
* ត្រូវរៀបចំកន្លែង ឬសួនដាំដើមឈើនៅក្នុងក្រុងឱ្យបានច្រើន និងត្រូវបំផុសចលនាយុវជនចូលរួមដាំដើមឈើយ៉ាងហោចណាស់ឱ្យបានម្នាក់មួយដើម និងគូស្រករមួយគូដើមឈើ ២ដើម នៅក្នុងសួនដែលយើងរៀបចំទុកនោះ ពិសេសត្រូវត្រៀមទុកកូនឈើឱ្យបានស្រេច និងត្រូវមានក្រុមការងារចាំជួយសម្រួលដល់អ្នកដែលទៅដាំដើមឈើ។
* ត្រូវយកចិត្តទុកដាក់លើការដាក់ពង្រាយបង្គន់អនាម័យសាធារណៈឱ្យបានច្រើន និងនៅទីតាំងដែលសមរម្យ ក្នុងពិធីបុណ្យទន្លេនេះ។ រាល់បង្គន់សាធារណៈ ត្រូវរៀបចំទៅតាមស្តង់ដារជាតិនិងអាស៊ាន និងត្រូវមានអ្នកចាំសម្អាតជាប្រចាំ។
* ក្រៅពីការដាស់តឿនពីសេវាស្នាក់នៅ សេវាម្ហូបអាហាររបស់វិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធរ និងអនុគណៈកម្មការទទួលបន្ទុក ត្រូវចុះទៅជួយរៀបចំជាមួយព្រះសង្ឃនៅតាមវត្តអារាម និងគណៈកម្មការវត្ត ដើម្បីជួយរៀបចំការ ទទួលប្រជាជនមកពីចម្ងាយ ដែលមកទស្សនាបុណ្យទន្លេ ពិសេសរៀបចំកន្លែងសម្រាក អគ្គិសនី ទឹកស្អាតប្រើប្រាស់ ដោយឯក ឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «បុណ្យទន្លេក៏ជាការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជន និងប្រជាជន»។
* ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យសិប្បកម្មក្នុងខេត្ត រៀបចំការតាំងពិព័រណ៍ក្នុងពិធីបុណ្យទន្លេឱ្យបានច្រើន ដើម្បីលើក ស្ទួយវិស័យសិប្បកម្មក្នុងខេត្តឱ្យបានផុលផុសឡើង ពិសេសឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសហគមន៍ក្អមឆ្នាំង យកផលិត ផលរបស់ខ្លួនមកតាំងពិព័រណ៍ឱ្យបានច្រើន ហើយឯកឧត្តមបានណែនាំទៅកាន់អនុគណៈកម្មការ ត្រូវផ្ដល់ស្ដង់ពិព័រណ៍ដល់ពួកគេចំនួន ៣ស្ដង់ ដើម្បីឱ្យការតាំងបង្ហាញធំទូលាយ។ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា ឯកឧត្តមនឹងគោរពអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលទៅទស្សនាស្ដង់ពិព័រណ៍ក្អមឆ្នាំងនេះផងដែរ។
* ចំពោះសកម្មភាពសិល្បៈ និងទស្សនីយភាពត្រូវបានឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈ រាយការណ៍ឱ្យដឹងថា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង ខាងមុខនេះ មានការសម្ដែងសិល្បៈបុរាណសម័យច្រើនសម្បូរបែប និងប្លែកៗ ដោយមានការចូលរួមសម្ដែងពីក្រុមសិល្បៈមកពីខេត្តជិតខាង ពិ សេសសិល្បៈធំក្នុងពិធីបុណ្យទន្លេនេះ គឺល្ខោនរឿង «ពុទ្ធិសែននាងកង្រី»៕