រដ្ឋមន្ត្រីទេសចរណ៍៖ គេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាតទេសចរណ៍ក្នុងស្រុក ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភ្ញៀវទេសចរ
រដ្ឋមន្ត្រីទេសចរណ៍៖ គេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាតទេសចរណ៍ក្នុងស្រុក ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភ្ញៀវទេសចរ
(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការដាក់ឱ្យដំណើរការ គេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាតទេសចរណ៍ក្នុងស្រុក (Visit Cambodia) និងចូលរួមផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភ្ញៀវទេសចរ ដើម្បីសម្រួលការស្វែងរកព័ត៌មានអំពីគោលដៅទេសចរណ៍ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដើម្បីសម្រួលការស្វែងរក និងជ្រើសរើសសម្បទាទេសចរណ៍ នៅតាមតំបន់ទេសចរណ៍នានា រួមទាំងផលប្រយោជន៍ជាច្រើនទៀតផងដែរ។
ឯកឧត្តម ថោង ខុន បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាតនៃទេសចរណ៍ក្នុងស្រុក (Visit Cambodia) និងការអនុវត្តន៍ការចុះបញ្ជីស្នាក់ នៅទេសចរណ៍អនឡាញ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍» ដែលបានរៀបចំឡើង នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជនជាច្រើននាក់ផងដែរ។
ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ស្ថិតក្នុងនិន្នាកា ឧស្សាហកម្ម៤.០ នេះ វាមានសារៈសំខាន់ណាស់ ក្នុងប្រើប្រាស់ប្រព័ន្ធ Digital ដើម្បីបំរើក្នុងវិស័យទេសចរណ៍ ឱ្យមានភាពទូលំទូលាយ ក្នុងន័យនេះក្រសួងទេសចរណ៍បានបង្កើត គេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាតវៃ មានឈ្មោះថា Visit Cambodia ដោយសាធារណជនអាចចូលមើល និងទាញយកនិងតំឡើងប្រើប្រាស់ដោយឥតគិតថ្លៃ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
* ទី១៖ ដើម្បីសម្រួលការស្វែងរកព័ត៌មាន អំពីគោលដៅទេសចរណ៍ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
* ទី២៖ ដើម្បីសម្រួលការស្វែងរក និងជ្រើសរើសសម្បទាទេសចរណ៍ នៅតាមតំបន់ទេសចរណ៍
* ទី៣៖ ដើម្បីផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងបង្កើននូវការផ្សព្វផ្សាយអំពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»
* ទី៤៖ ការតភ្ជាប់ទំនាក់ទំនងជាមួយនឹងភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មជាចំបង
* ទី៥៖ បង្កើតនូវភាពជឿទុកចិត្តជាមួយនិងអ្នកប្រើប្រាស់ (ទេសចរប្រតិបត្តិករទេសចរណ៍) តាមរយៈការភ្ជាប់ទំនាក់ទំនងសង្គម
* ទី៦៖ ពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយ និងប្រតិបត្តិករទេសចរណ៍តាមរយៈគេហទំព័រ
* ទី៧៖ ពង្រឹងនូវការយល់ដឹងអំពីគុណតម្លៃ របស់ទេសចរណ៍ក្នុងស្រុកដល់ភ្ញៀវទេសចរ
ពាក់ព័ន្ធនឹងគេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាត ទស្សនាកម្ពុជា (Visit Cambodia)នេះ ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវឲ្យផ្នែកឯកជន ដែលជាប្រតិបត្តិករទេសចរណ៍ ចូលរួមផ្តល់ព័ត៌មាន ក៏ដូចជាកម្មវិធី Promotion (បញ្ចុះតម្លៃពិសេសណាមួយ) ក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលទេសចរណ៍នៅ ខេត្តសៀមរាបឱ្យបានល្អប្រសើរ និងបង្កើនកំណើនភ្ញៀវទេសចរទៅកម្សាន្តឱ្យបានកាន់តែច្រើន ក្នុងន័យធ្វើយ៉ាងណាជំរុញការស្វែងរកគោលដៅ និងសេវាកម្មទេសចរណ៍នានា ដែលមានក្នុងខេត្តសៀមរាប សំដៅបំផុសចលនាទេសចរណ៍ទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏ល្អរបស់កម្ពុជា និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៃ គេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាត ដែលមានឈ្មោះថា Visit Cambodia នេះ៕