រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាស្តារវិស័យទេសចរណ៍ឡើងវិញ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា សំដៅស្តារវិស័យទេសចរណ៍ អាស៊ាន-ឥណ្ឌាឡើងវិញ។
ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោក Prahlad Singh Patel រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា ជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាបានវាយតម្លៃ និងអនុម័តផងដែរលើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌា កន្លងមកព្រមទាំងបានអនុម័តផែនការ សកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌា ២០២១-២០២១ ដែលផ្តោតការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ាន-ឥណ្ឌា ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំនេះផងដែរ រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌាបានគាំទ្រដល់សំណើរបស់កម្ពុជាដូចតទៅ៖
១៖ បន្តគាំទ្រដល់កម្ពុជាក្នុងការបណ្តុះបណញដាលធនធានមនុស្ស ជាពិសេសអ្នកជំនាញទេសចរណ៍លើជំនាញទេសចរណ៍ឌីជីថល បច្ចេកវិទ្យា និងនវានុវត្តន៍។
២៖ គាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា។
៣៖ ជំរុញឲ្យមានការហោះហើរត្រង់មកម្ពុជាផងដែរ បន្ទាប់ពីវិបត្តិកូវីដ-១៩។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមធ្វើដំណើរកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា សរុបប្រមាណ១៥០នាក់៕