រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពត បើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យសមុទ្រ
រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពត បើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យសមុទ្រ
(កំពត)៖ ក្រោយមានការរិះគន់ពីបញ្ហាខ្វះបន្ទប់ស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះផ្សព្វផ្សាយឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្ត ត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និងសូមកុំដំឡើងថ្លៃហួសហេតុពេក ដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០១៩ ខាងមុខ។
ការរិះគន់ចំៗលើបញ្ហាស្នាក់នៅខាងលើនេះ ត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ខណៈក្រុមមន្ត្រីរាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះ និងព្រួយបារម្ភពីការខ្វះកន្លែងស្នាក់នៅនេះផងដែរ។
បញ្ហានេះក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនព្រមទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវទាល់តែសោះ ដោយបញ្ជាក់ទាំងមិនសមហេតុផលមកវិញថា ទុកជួលភ្លាមៗនៅពេលពិធីបុណ្យមកដល់ (ក្នុងបំណងដើម្បីទទួលបានតម្លៃថ្លៃជាងការកក់)។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានប្រកាសជំរុញយ៉ាងមុឺងម៉ាត់ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ត្រូវចុះផ្សព្វផ្សាយបន្តដល់ម្ចាស់សេវាស្នាក់នៅទាំងអស់ក្នុងខេត្តឱ្យទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវឡើងវិញ ពិសេសមិនត្រូវដំឡើងថ្លៃហួសហេតុពេកឡើយ។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «បញ្ហានេះត្រូវតែដោះស្រាយឱ្យបានជាដាច់ខាត»។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើឱ្យអភិបាលខេត្តកំពត លោក ជាវ តាយ ត្រូវជួយជំរុញការដោះស្រាយបញ្ហានេះឱ្យបានល្អឡើងវិញផងដែរ។
លោករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលមានពិធីបុណ្យម្ដងៗ ម្ចាស់សេវាស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់នានា គួរតែសប្បាយចិត្តក្នុងការទទួលការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវ មិនមែនមិនទទួលការកក់បន្ទប់ស្នាក់នៅដូច្នេះទេ។ ម្យ៉ាងទៀត ម្ចាស់សណ្ឋាគារលើភ្នំបូកគោ គួរពិចារណាក្នុងការបញ្ចុះតម្លៃខ្លះ ដើម្បីទាក់ទាញទេសចរទៅទីនោះអោយបានច្រើន។
ឯកឧត្តមបានជំរុញឱ្យអនុគណៈកម្មការ ត្រូវសហការជាមួយក្រុមហ៊ុនណាមួយ ដើម្បីផ្ដល់សេវាស្នាក់នៅក្នុងតង់ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ពីព្រោះបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ គឺមិនគ្រប់គ្រាន់នោះឡើយ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាលេងកម្សាន្តច្រើនកុះករ៕