មគ្គុទ្ទេសក៍ភាសាចិន ៩៥រូប ទទួលការបណ្តុះបណ្តាលភាសាចិនបន្ថែម
មគ្គុទ្ទេសក៍ភាសាចិន ៩៥រូប ទទួលការបណ្តុះបណ្តាលភាសាចិនបន្ថែម
នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប ក្រសួងទេសចរណ៍ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលភាសាចិនសម្រាប់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសំណាក់មន្រ្តីជំនាញ មគ្គុទ្ទេសក៍ទេសចរណ៍ និងសាស្រ្តាចារ្យអន្តរជាតិ សរុបប្រមាណ ១២០ នាក់។
គួរកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន និងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបញ្ជូនសាស្រ្តាចារ្យជំនាញមកពីប្រទេសចិនមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់រយៈពេលបីថ្ងៃ ដែលវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង សំដៅចូលរួមពង្រឹងសមត្ថភាពគ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍លើជំនាញភាសាចិនដោយផ្អែកលើការប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការបណ្តុះបណ្តាលភាសាចិន និងការបណ្តុះបណ្តាលគ្រូបង្គោល ការចងក្រង និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលភាសាចិនលក្ខណៈជាប្រព័ន្ធ និងការពង្រឹងសមត្ថភាពភាសាចិនប្រើប្រាស់សម្រាប់បកស្រាយពន្យល់ដល់ទេសចរ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។ ជាពិសេសវគ្គបណ្តុះបណ្តាលនេះក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកំរិតសមត្ថភាពជំនាញភាសាចិន ដល់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនក្នុងបណ្តារដ្ឋជាសមាជិកអាស៊ានផងដែរ។
បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានសម្តែងនូវការសប្បាយចិត្តចំពោះចំណេះដឹងដែល ទទួលបាន និងសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ជាពិសេស ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើងនិងប្ដេជ្ញាចិត្តយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះយកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ និងបេ្តជ្ញាចែករំលែកចំណេះដឹងទាំងអស់ដល់មគ្គុទ្ទេសក៍ទេសចរណ៍ដទៃទៀតផងដែរ។