ភ្ញៀវទេសចរជាង ១,៥ លាននាក់ បានដើរកម្សាន្តក្នុងយប់ឆ្លងឆ្នាំសកលនៅខេត្តទេសចរណ៍ចំនួន ៦
ភ្នំពេញៈ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តធំៗចំនួន ៦ ដូចជាខេត្តព្រះសីហនុ សៀមរាប បាត់ដំបង កំពត កែប និងខេត្តកំពង់ចាម បានបង្ហាញថា នៅក្នុងយប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ឈានចូលដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដើរកម្សាន្ត និងរាប់ថយក្រោយ (Countdown) នៅតាមតំបន់រមណីយដ្ឋានសំខាន់ៗក្នុងបណ្តាខេត្តទាំងនេះជាង ១,៥ លាននាក់។
របាយការណ៍ពីមន្ទីរទេសចរណ៍ទាំងនោះបានបង្ហាញថា ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន ៣៨៦ ៤៨៨ នាក់, ព្រះសីហនុមានជាង ៣៤៩ ០០០ នាក់,សៀមរាប ៣០៤ ០៦៤ នាក់,បាត់ដំបង ២៦៣ ០០០ នាក់,កំពង់ចាម ប្រមាណ ១២០ ០០០ នាក់និងខេត្តកែប ជាង ១០០ ០០០ នាក់.
ប្រធានមន្ទីរទេសចរណ៍នៃខេត្តទាំងនោះបានបញ្ជាក់ថា ចំនួនទាំងនេះបានបូកបញ្ចូលទាំងភ្ញៀវទេសចរអន្តរជាតិផងដែរ ខណៈដែលភ្ញៀវទេសចរអន្តរជាតិ មានចន្លោះពី ១០ ទៅ ២០ ភាគរយ នៃចំនួនភ្ញៀវសរុប។ នៅក្នុងចំណោមខេត្តទាំ ង៦ នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនជាងគេ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានអះអាងនៅថ្ងៃទី ១ ខែមករាថា ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ចំនួន ៣៨៦ ៤៨៨ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានប្រមាណ ១ ៥០០ នាក់ និងមិនរាប់បញ្ជូលប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលបានចេញដើរលេងកម្សាន្តនៅក្នុងខេត្តនេះដែរទេ ដែលមានកំណើនប្រមាណ ១០ ភាគរយ បើធៀបនឹងថ្ងៃឆ្លងឆ្នាំសកលឆ្នាំមុន។
លោកបញ្ជាក់ដូច្នេះថា៖ «កត្តាដែលធ្វើឱ្យខេត្តកំពត ទទួលបានភ្ញៀវទេសចរច្រើននៅយប់ឆ្លងឆ្នាំសកល នាឆ្នាំនេះ អាចដោយសារតែខេត្តយើងនៅជិតរាជធានីភ្នំពេញ ហើយសម្បូរដោយកន្លែងដើរលេងកម្សាន្តច្រើនផងដែរ ខណៈអាជ្ញាធរខេត្តបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធបានស្អាតល្អនៅឆ្នាំនេះ។ នៅយប់ថ្ងៃឆ្លងឆ្នាំសកល ជាពិសេសពេលរាប់ថយក្រោយ អ្នកទេសចរជាតិ និងអន្តរជាតិបានប្រមូលផ្តុំគ្នាច្រើននៅតាមបណ្តោយដងព្រែកកំពត»។
ដោយឡែកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ ក៏បានប្រាប់ឱ្យដឹងដែរថា ក្នុងចំណោមអ្នកទេសចរសរុប ប្រមាណជាង ៣០ ម៉ឺននាក់ ដែលបានមកកម្សាន្តនៅខេត្តសៀមរាប នាថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ចូលឆ្នាំ ២០២៤ មានអ្នកទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤ នាក់។
លោកបញ្ជាក់ថា៖ «នៅក្នុងរាត្រីថ្ងៃឆ្លងឆ្នាំសកលរៀងរាល់ឆ្នាំ រដ្ឋបាលខេត្ដសៀមរាប តែងតែបានបង្កើតព្រឹត្ដិការណ៍កម្សាន្តថ្មីៗ ដើម្បីបង្កបរិយាកាសរីករាយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាប»។
បើតាមរបាយការណ៍ ភ្ញៀវទេសចរដែលចេញដើរលេងកម្សាន្តនៅថ្ងៃឆ្លងឆ្នាំសកលនាខេត្តសៀមរាបឆ្នាំនេះ ថយចុះប្រមាណ ៣ ម៉ឺននាក់ ដោយកាលពីឆ្នាំមុនមានភ្ញៀវទេសចរចំនួនជាង ៣៣ ម៉ឺននាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តទេសចរណ៍តំបន់ប្រាសាទមួយនេះ។ យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យថយចុះនេះបាននៅឡើយទេ។
ចំណែក លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានអះអាងដែរថា ថ្ងៃឆ្លងឆ្នាំសកលឆ្នាំ ២០២៣ ចូលឆ្នាំ ២០២៤ នេះខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណ ២៦៣ ០០០ នាក់ ខណៈដែលឆ្នាំមុន ទទួលបានត្រឹម ១៥៨១១០ នាក់តែប៉ុណ្ណោះ។
ការកើនឡើងនេះ ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍បង្អែម និងម្ហូបអាហារអម រួមទាំងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង» ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ «សម្តេចក្រឡាហោម» លើកទី ១០ ឆ្នាំ ២០២៣ ផងដែរ។
លោកថា៖ «ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តបាត់ដំបងហើយមានកំណើនជាបន្តបន្ទាប់នេះដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំនូវទីតាំងកម្សាន្តជាច្រើនទីតាំង រួមទាំងការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផ្សេងៗគួបផ្សំនឹងខេត្តបាត់ដំបង ជាខេត្តល្បីល្បាញតាំងពីសម័យដើមផងបានជំរុញឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តនៅខេត្តនេះ»។
សូមរំឭកថា នាឱកាសឆ្លងឆ្នាំសកលឆ្នាំមុន (ឆ្នាំ ២០២២ ឆ្លងចូលឆ្នាំ ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ ២ ០២២ ៩២០ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២ ០០៦ ១១៧ នាក់ និងភ្ញៀវបរទេស ១៦ ៨០៣ នាក់៕