រយៈពេល ០៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់
តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖
− ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់
− ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់
ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖
− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១ នាក់
− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់
− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖
− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់
− ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់
− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់
− រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់
− ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់
− ខេត្តកំពត ៨៧០.៣៩៩ នាក់
− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់
− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់
− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់
− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់
ជាការកត់សម្គាល់ រួមមាន៖
− ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។
− ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។
− ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ៣ថ្ងៃនេះ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។
− ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាតុ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។
− ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។
− វិស័យឯកជនបានសំដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។
− សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច ខណៈដែលកំលាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
− ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងថ្លែអំណរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត។
ជារួម យើងអាចវាយតំលៃបានថា ចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕