ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាព នៅថ្ងៃសុក្រ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥ស៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ : ៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនក្ដុកក្ដួល សោកសង្រេងនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទេសចរណ៍សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ដោយសេចក្ដីសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ គឺជាការបាត់បង់នូវបិតា ជីតា និងជីតាទួតប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពរបស់កូនចៅទាំងអស់ និងជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរពោរពេញដោយឆន្ទៈមនសិកាក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់នៃនីតិរដ្ឋប្រកប ដោយឧត្តម គតិខ្ពង់ខ្ពស់ជាអនេកប្បការ ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងទេសចរណ៍ យើងខ្ញុំសូមសម្ដែងនូវ សមានទុក្ខ ព្រមទាំងក្ដីសង្វេគដ៏មហាធំធេង ពោរពេញទៅដោយក្ដីសោកស្ដាយ អាឡោះអាល័យក្រៃលែង និងសូមឧទ្ទិស បួង សួង ដល់វិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សូមបាន ទៅ សោយ សុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕