រាជរដ្ឋាភិបាលដាក់ចេញអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសុវត្ថិភាព និងហានិភ័យទាប

(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈទទួលទេសចរណ៍វ៉ាក់សាំង នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ រាជរដ្ឋាភិបាលបានដាក់អនុសាសន៍មួយចំនួន ដល់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធរួមគ្នាសម្រេចឱ្យបាននូវផែនការនេះ ក្នុងនោះក៏បានស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បន្តការខិតខំទាក់ទាញភ្ញៀវទេសចរ ពីប្រភពទីផ្សារអន្តរជាតិដែលមានសុវត្ថិភាព និងហានិភ័យទាបផងដែរ។
ការដាក់ចេញអនុសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ។
គួរជម្រាបថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ សម្រាប់បើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា បើពិនិត្យមើលទីផ្សារទេសចរណ៍ជារួម បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចលនាទេសចរអន្តរជាតិក្នុងកម្រិតតំបន់ និងសកលលោក មានការប្រែប្រួលជាមួយការផ្លាស់ប្តូរឥរិយាបថ ដោយមានទំនោរគិតគូរខ្ពស់លើកត្តាសុវត្ថិភាព ទំនុកចិត្តលើការជ្រើសរើសគោលដៅធ្វើដំណើរ និងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យទេសចរណ៍ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់។ ជាមួយនឹងនិន្នាការថ្មីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ស្ថិតក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព លោក អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូវអនុសាសន៍ដូចជា៖
* ទី១៖ ស្នើរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង។ ទន្ទឹមនេះ ស្នើរដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងត្រៀមលក្ខណសម្បត្តិឱ្យបានរួចរាល់ក្នុងការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅក្នុងខែមករា ឆ្នាំ២០២២។
* ទី២៖ ស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនបន្តការខិតខំទាក់ទាញភ្ញៀវទេសចរគោលដៅពីប្រភពទីផ្សារអន្តរជាតិ ដែលមានសុវត្ថិភាព និងហានិភ័យទាប ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់របស់ទីផ្សារទេសចរណ៍អន្តរជាតិ និងផ្ទៃក្នុង។ ជាមួយគ្នានេះ ស្នើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញសកម្មភាពលើផ្នែក «ការទូតទេសចរណ៍» តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
* ទី៣៖ ស្នើរដ្ឋបាលរាជធានី-ខេត្តរៀបចំគោលដៅទេសចរណ៍នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងសុវត្ថិភាព ស្របតាមវិធីសាស្រ្តនៃការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ៕

 
 
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.