ទេសចរដែលមកដល់កម្ពុជាតាមនាវាទេសចរណ៍ ក៏ចង់ទៅទស្សនាអង្គរដែរ តែគ្មានជើងហោះហើរវិលមកវិញទាន់
ទេសចរដែលមកដល់កម្ពុជាតាមនាវាទេសចរណ៍ ក៏ចង់ទៅទស្សនាអង្គរដែរ តែគ្មានជើងហោះហើរវិលមកវិញទាន់
(ភ្នំពេញ)៖ មានការរាយការណ៍ផ្លូវការមកថា ភ្ញៀវទេសចរអន្តរជាតិដែលមកដល់កម្ពុជា តាមរយៈនាវាទេសចរណ៍ខ្នាតយក្សធំៗ ដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កន្លងមកនោះ ក៏ចង់នាំគ្នាទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេលខ្លីណាមួយផងដែរ ប៉ុន្តែមិនទាន់មានសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលអាចវិលមកវិញទាន់ការចាកចេញរបស់នាវា។
ចំណុចនេះដែរ ត្រូវបានលើកឡើងដោយឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា «ភ្ញៀវទេសចរភាគច្រើន ពួកគាត់មានបំណងចង់ទៅទស្សនាតាមកោះនានា និងចង់ជិះយន្តហោះទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្ត ដោយវិលលងាចឱ្យទាន់ជើងនាវាចេញទៅវិញ ប៉ុន្តែការលំបាកលើទូកទេសចរណ៍មិនមានម៉ោងកំណត់ជាក់លាក់ ហើយជើងហោះហើរមិនទៀងទាត់ទៀត»។
ចំណុចនេះ គឺបានបញ្ជាក់ពីការខាតបង់កំណើនភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានអង្គរ ដោយសារបញ្ហាការដឹកជញ្ជូនតាមផ្លូវអាកាសនេះ
ក៏ដូចជាភាពមិនទៀងទាត់នៃការចេញចាករបស់នាវាទេសចរណ៍អន្តរជាតិទាំងនោះ។
បើតាមការបញ្ជាក់របស់ឯកឧត្តម លូ គឹមឈុន អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឱ្យដឹងថា នៅឆ្នាំ២០១៧ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកនូវចំនួននាវាទេសចរណ៍បាន ៣០គ្រឿង ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,៥៣៨នាក់។
ឯកឧត្តម លូ គឹមឈុន បានបន្តថា នៅឆ្នាំ២០១៨ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកនូវចំនួននាវាទេសចរណ៍បាន ៣៧គ្រឿង កើនឡើង ២៣.៣៣% ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៤០,៥៩៨នាក់ កើនឡើង ៥៨.៩៧%។
នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកចំនួននាវាទេសចរណ៍បាន ៣០គ្រឿង កើនឡើង ៥៧.៨៩% ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន ២៩,១១១នាក់ កើនឡើង ៧៨.២៥%។ សរុបទាំងអស់មានចំនួន ៩៧គ្រឿង ផ្ទុកភ្ញៀវទេសចរអន្តរជាតិសរុប ៩៥,២៤៧នាក់ ដែលនេះជាកំណើនមួយដ៏ល្អសម្រាប់កម្ពុជា។
អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ការចូលចតរបស់នាវាទេសចរណ៍ទាំងនោះ មានរយៈពេលជាមធ្យមប្រមាណត្រឹមតែ ១៥ម៉ោង ប៉ុណ្ណោះ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហានេះចាំបាច់ត្រូវដោះស្រាយជាកញ្ចប់ ហើយតម្រូឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងផ្នែកឯកជន។
ឯកឧត្តមបានដាក់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ត្រូវរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ពីព្រោះនេះមិនមែនគ្រាន់តែជាឱកាស ដែលកម្ពុជាអាចចាប់យកភ្ញៀវទេសចរអន្តរជាតិជាក្រុមធំៗប៉ុណ្ណោះទេ តែវាក៏ជាឱកាសនៃការត្រៀមរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ផងដែរ។
អ្វីដែលរាជរដ្ឋាភិបាលបានខិតខំពង្រីកព្រលានយន្តហោះ និងកំពង់ផែនៅខេត្តព្រះសីហនុនោះ ក៏ដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យ និងបានមើលឃើញពីនិន្នាការភ្ញៀវទេសចរតាមនាវាទេសចរណ៍ ដែលសុទ្ធតែភ្ញៀវទេសចរធំៗកម្រិតខ្ពស់ ហើយមានមួយភាគធំចង់ភ្ជាប់ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានអង្គរផងដែរ៕