តារាសាគរកំពុងអភិវឌ្ឍបុរីទេសចរណ៍ និងវប្បធម៌ធំមួយទៀតមានឈ្មោះថា «បឹងតារាច័ន្ទ»
(កោះកុង)៖ ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យទេសចរណ៍ដ៏ធំមួយនៅកម្ពុជានោះ បានបញ្ចេញគម្រោងថ្មីមួយទៀតនៅតំបន់តារាសាគរ នោះគឺគម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាច័ន្ទ ដើម្បីបម្រើសេចក្ដីត្រូវការបន្ថែមសម្រាប់ភ្ញៀវទេសចរជាតិក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន និងដើម្បីត្រៀមទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិ ក្រោយពេលវិបត្តិជំងឺកូវីដនេះត្រូវបានបញ្ចប់នាពេលខាងមុខ។
គម្រោងថ្មីនេះត្រូវបានបើកសម្ពោធជាផ្លូវការនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយឯកឧត្តមហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្ត្រីរាជការកម្ពុជាជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម បានកោតសរសើរចំពោះក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ដែលបានខិតខំអភិវឌ្ឍនូវសម្បទាទ្រទ្រង់ និងផលិតផលទេសចរណ៍ថ្មីៗជាច្រើននៅក្នុងតំបន់តារាសាគរ ខេត្តកោះកុង និងបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគួរជាទីកត់សម្គាល់។ ជាក់ស្តែង គម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាច័ន្ទនេះ គឺជាគម្រោងអភិវឌ្ឍន៍មួយក្នុងចំណោមគម្រោងអភិឌ្ឍន៍ដទៃទៀតនៃគម្រោង Stardream។
ឯកឧត្តមបានបន្តថា តាមរយៈការដាក់ចេញនូវគម្រោងនេះនឹងជំរុញទាក់ទាញឱ្យមានការវិនិយោគមកទស្សនា និងសម្រាកលម្ហែកាយពីសំណាក់វិនិយោគិន និងភ្ញៀវទេសចរជាច្រើនថែមទៀត។ មិនត្រឹមតែប៉ុណ្នោះ គម្រោងអភិវឌ្ឍន៍នេះនឹងបង្កើតបាននូវឱកាសការងារ និងប្រាក់ចំណូលបន្ថែមទៀតទៅកាន់ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
ឯកឧត្តម ហាប់ ទូច បានលើកឡើងថា ការរួមចំណែករបស់ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក បាននិងកំពុងបម្រើឱ្យវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យវប្បធម៌ និងទេសចរណ៍កម្ពុជា ជាពិសេសសម្រាប់ខេត្តកោះកុង។ ឯកឧត្តមថា គម្រោងនេះក៏នឹងចូលរួមជំរុញឱ្យគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា-ចិន ក៏ដូចជាគម្រោងតារាសាគរ ទទួលបាននូវឱកាសសហប្រតិបត្តិការកាន់តែទូលំទូលាយ និងប្រកបដោយផ្លែផ្កាផងដែរ។
លោកជំទាវ មិថុនា ភូថង ក៏បានឱ្យដឹងដែរថា គម្រោងខាងលើនេះជាឱកាសដ៏ពិសេសមួយសម្រាប់កម្ពុជា ជាពិសេសខេត្តកោះកុងផ្ទាល់ ដែលនឹងមានសហគមន៍ភូមិគ្រឹះចម្រុះអេកូទេសចរណ៍ដែលមានលក្ខណៈធម្មជាតិ និងថ្មីដំបូងគេបង្អស់លេចរូបរាងឡើង។ បុរីទេសចរណ៍ និងវប្បធម៌តារាច័ន្ទនេះនឹងក្លាយជាសមិទ្ធផលទេសចរណ៍ដ៏ធំមួយទៀត ដែលនឹងអាចចូលរួមស្តារវិស័យទេសចរណ៍ខេត្តកោះកុង។
ជាមួយគ្នានោះ ឯកឧត្តម ប៉ាក់ សុខុម បានស្នើដល់ក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក នូវចំណុចសំខាន់ៗចំនួន ២៖
ទី១៖ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ធ្វើយ៉ាងណាឱ្យទីនេះជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ និងផ្តល់ការកម្សាន្តប្រកបដោយភាពពេញចិត្តដល់វិនិយោគិន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទាំងអស់។
ទី២៖ ជួយបណ្តុះបណ្តាល និងប្រើប្រាស់បុគ្គលិកជនជាតិខ្មែរឱ្យបានច្រើន ក៏ដូចជាបង្កើនសកម្មភាព ពង្រីកវិសាលភាពរមណីយដ្ឋានឱ្យកាន់តែច្រើន ដើម្បីភ្ញៀវទេសចរ ជាពិសេសភ្ញៀវជាតិមកកម្សាន្តនៅទីនេះឱ្យបានកាន់តែច្រើន។
ដូចអ្វីដែលថ្នាក់ដឹកនាំកម្ពុជាបានរំពឹងទុក តារាសាគរនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើ និងធ្វើសមាហរណកម្មទៅក្នុងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាពទាក់ទាញក្នុងវិស័យទេសចរណ៍ សេវាកម្មសាធារណៈ នវានុវត្តន៍ និងទំនាក់ទំនងវប្បធម៌នៅអាស៊ីអាគ្នេយ៍ ព្រមទាំងកសាងគម្រោងនេះឱ្យទៅជាតំបន់គំរូនាំមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចនៅលើពិភពលោកផងដែរ។
គួរជម្រាបថា គម្រោងបុរីទេសចរណ៍ និងវប្បធម៌បឹងតារាចន្ទនេះ មិនត្រឹមតែជាផលិតផលល្អបំផុតក្នុងស៊េរីគម្រោងតារាច័ន្ទក្នុងតារាសាគរប៉ុណ្ណោះទេ ថែមទាំងជាផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីរបស់ខេត្តកោះកុងផងដែរ។ តារាសាគរស្ថិតនៅជិតមាត់សមុទ្រ និងបឹងបៃតង ដែលពោរពេញទៅដោយប្រព័ន្ធជីវចម្រុះ និងធម្មជាតិ ជាតំបន់អភិរក្សព្រៃកោងកាងធំជាងគេទី២ នៅក្នុងពិភពលោកដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤៧.៧៤ គីឡូម៉ែត្រការ៉េ គួបផ្សំនឹងឆ្នេរខ្សាច់យ៉ាសក្បុសចម្ងាយ ៩០ គីឡូម៉ែត្រ៕