ជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសជប៉ុន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងមានការចូលរួមពីអ្នកវិនិយោគិនសំខាន់ៗជាច្រើនរូបផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃខានស្អែកនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងរូបលោក នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងទំហំទឹកប្រាក់៣៣៩លានយ៉េន និងគម្រោងសង់ឃ្លាំងកុងតឺន័រនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទំហំទឹកប្រាក់២០០លានយ៉េន។
លោកបានបន្តថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២,៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា មិត្តជប៉ុន បាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។
ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក៕