ជើងហោះហើរលើកដំបូងភ្នំពេញ-ដាណាំង ត្រូវបានសម្ពោធផ្លូវការ ខណៈកម្ពុជារំពឹងបានទេសចរច្រើនពីគោលដៅនេះ
ជើងហោះហើរលើកដំបូងភ្នំពេញ-ដាណាំង ត្រូវបានសម្ពោធផ្លូវការ ខណៈកម្ពុជារំពឹងបានទេសចរច្រើនពីគោលដៅនេះ
(ដាណាំង)៖ ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងដាណាំង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានសម្ពោធជាផ្លូវការ និងចាប់ផ្តើមហោះហើរជាលើកដំបូងបង្អស់ ជាមួយនឹងការរំពឹងទុកថាកម្ពុជានឹងទទួលបានកំណើនទេសចរបន្ថែមទៀតពីគោលដៅទេសចរណ៍ដ៏ល្បីរបស់វៀតណាមមួយនេះ។
ការសម្ពោធជាផ្លូវការនេះធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិដាណាំង នារសៀលថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩ ដោយបាននាំយកប្រតិភូកម្ពុជាដឹកនាំដោយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍៥៧នាក់ទៀតផងដែរ។
លោក សូ វិសុទ្ធី បានលើកឡើងថា ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការតាំងចិត្តយ៉ាងមុះមុត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងផ្នែកពាក់ព័ន្ធ ក្នុងការតភ្ជាប់កម្ពុជាទៅកាន់គោលដៅ និងប្រភពទីផ្សារដ៏មានសក្តានុពលក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារទាំងនោះ និងភ្ញៀវទេសចរពីប្រទេសទីបី។ ព្រមជាមួយនោះ ក៏បានជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែជិតស្និទ្ធថែមទៀតផង។
គួរកត់សម្គាល់ថា រយៈពេល៨ខែ នៃឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៤.៣លាននាក់ កើនឡើង ១០.៤% ក្នុងនោះមានទេសចរវៀតណាមជាង ៥៦ម៉ឺននាក់ កើនឡើង៦.៣%។
លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា ការបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ខេត្តដាណាំងនេះ នឹងជួយជំរុញឲ្យមានកំណើនទេសចរមកកានកម្ពុជាច្រើនបន្ថែមទៀត ដោយសារថា ពីមុនមក ភ្ញៀវទេសចរដែលចេញពីដាណាំងមកកាន់កម្ពុជា ត្រូវឆ្លងកាត់តាមទីក្រុងហូជីមិញសិន ហើយត្រូវចំណាយពេលវេលា និងថវិកាច្រើន អាចដល់កន្លះថ្ងៃ ឬស្ទើរតែមួយថ្ងៃតែម្ដង ទើបអាចមកដល់រាជធានីភ្នំពេញបាន ប៉ុន្តែចាប់ពីពេលនេះទៅ ភ្ញៀវទេសចរចំណាយពេលតែ ១ម៉ោង ១០នាទីប៉ុណ្ណោះ។
លោកស្រីប្រធានសមាគម CATA បានបន្តថា ការដឹកជញ្ជូនភ្ញៀវពីវៀតណាមមកកាន់កម្ពុជានឹងមានកាន់ច្រើនឡើង ហើយក៏សង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវបរទេសផ្សេងទៀត ដែលឆ្លងកាត់ខេត្តដាណាំងនេះមកកាន់កម្ពុជាផងដែរ ខណៈលោកស្រីបានសង្កេតឃើញថា ភ្ញៀវទេសចរមកពីប្រទេសផ្សេងៗដែលឆ្លងកាត់ខេត្តនេះក៏មានច្រើន។
លោកស្រី ឆាយ ស៊ីវលីន ក៏បានបង្ហាញពីគោលបំណងចង់ឲ្យមានការហោះហើរត្រង់ពីខេត្តដាណាំងនេះ ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតរបស់កម្ពុជា ដោយសង្ឃឹមថាក្រុមហ៊ុមអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងពង្រីកការហោះហើរត្រង់ទៅកាន់គោលដៅទាំងនោះបន្តបន្ទាប់ទៀត។
ដោយទីក្រុងដាណាំងមានគោលដៅទេសចរណ៍ថ្មីៗ ប្លែកដែលគួរជាទីចាប់អារម្មណ៍ និងទាក់ទាញទេសចរប្រទេសទីបីឲ្យមកកម្សាន្ត ហើយពួកគាត់អាចនឹងបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ តាមរយៈជើងហោះហើរត្រង់ថ្មីនេះ ដូចជាទេសចរកូរ៉េ ចិន ជប៉ុន និងអឺរ៉ុប។
នៅក្នុងកម្មវិធីសម្ពោធជើងហោះហើរនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមហ៊ុនទេសចរណ៍ឯកជន និងភ្នាក់ងារលក់សំបុត្រយន្តហោះឲ្យមកទស្សនកិច្ច និងពង្រីកធុរកិច្ចរបស់ខ្លួន ដោយចាប់យកដៃគូថ្មីៗជាមួយប្រតិបត្តិកទេសចរណ៍ទីក្រុងដាណាំង។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក៏កំពុងផ្តល់ជូននូវតម្លៃពិសេស សម្រាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ខេត្តដាណាំង ក្នុងតម្លៃត្រឹមតែ៥០ដុល្លារ តែប៉ុណ្ណោះ រហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយមានការហោះហើរ ៥ជើង ក្នុងមួយសប្តាហ៍៕