ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ និងមន្ទីរក្រោមឱវាទ ត្រូវការមន្ត្រីក្របខណ្ឌថ្មី ១៥នាក់ ខណៈបេក្ខជនប្រឡងមាន ៤១១នាក់
ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ និងមន្ទីរក្រោមឱវាទ ត្រូវការមន្ត្រីក្របខណ្ឌថ្មី ១៥នាក់ ខណៈបេក្ខជនប្រឡងមាន ៤១១នាក់
(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ ត្រូវការមន្ត្រីរាជការក្របខណ្ឌថ្មីចំនួន ១៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង និងនៅតាមមន្ទីរទេសចរណ៍ខេត្តមួយចំនួន ខណៈបេក្ខជនចូលរួមប្រឡងមានចំនួន ៤១១នាក់។
ការប្រឡងនេះត្រូវបានធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យបាក់ទូក ក្រោមការសហការរៀបចំ និងត្រួតពិនិត្រយ៉ាងតឹងរឹងពីសំណាក់មន្ត្រីនៃក្រសួងមុខងារសាធារណៈ។
ពិធីបើកការប្រឡងខាងលើ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ។
លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រឡងនាថ្ងៃនេះ រួមមាន៖
* ថ្នាក់អនុបណ្ឌិត ១០រូប ស្រី២រូប (ទីស្តីការ ០៨រូប ស្រី ០១រូប និងមន្ទីរទេសចរណ៍ ០២រូប ស្រី ០១រូប) ក្នុងនោះអនុបណ្ឌិតជំនាញទេសចរណ៍ ០១រូប នៅទីស្តីការក្រសួង។
* ថ្នាក់បរិញ្ញាបត្រ ៤០១រូប ស្រី ១៩៨រូប (ទីស្តីការ ២៨៤រូប និងមន្ទីរទេសចរណ៍ ១១៣រូប) ក្នុងនោះបរិញ្ញាបត្រជំនាញទេសចរណ៍ ១៥៤រូប ស្រី ៧៥រូប (ទីស្តីការ ១២២រូប និងមន្ទីរទេសចរណ៍ ៣២រូប)។
មុនពេលបើកវិញ្ញាសារប្រឡង ឯកឧត្តម ទិត ចន្ថា និងឯកឧត្តម ជា បូរ៉ា បានបញ្ជាក់ដល់បេក្ខជនថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំ ដែលទទួលខុសត្រូវការប្រឡងនេះ បានរៀបចំស្របតាមនីតិវិធី និងពង្រឹងការងារត្រួតពិនិត្យនៅពេលប្រឡង ក៏ដូចជាការកែសន្លឹកកិច្ចការយ៉ាងហ្មត់ចត់បំផុត ធ្វើយ៉ាងណាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌
ដើម្បីចម្រាញ់យកមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ។
ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងទេសចរណ៍ ឆ្នាំ២០១៩នេះ ត្រូវបានចែកចេញជា ០២វិញ្ញាសា គឺចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រយៈពេល២ម៉ោង និងភាសាអង់គ្លេស ឬភាសាចិន រយៈពេល ១ម៉ោង៣០នាទី៕