គ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិក ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងឧបត្ថម្ភសម្ភារពេទ្យតម្លៃជាង៣០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក
(កំពង់ធំ)៖ តាមរយៈការសម្របសម្រួលពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ៣៥០នាក់ បានមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកតាំងគោក ព្រមទាំងបានឧបត្ថម្ភសម្ភារបរិក្ខាពេទ្យជាច្រើនមានតម្លៃជាង ៣០ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុកផងដែរ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួនប្រមាណ ២០០នាក់ មកពីអង្គការលើកកម្ពស់សុខភាព ប្រកបដោយចីរភាព ហៅកាត់ SHE (Sustai nable Health Empowerment) និងមកពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។
គិតមកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៩ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម CHPAAនេះ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយចល័តតាមបណ្តារាជធានី-ខេត្តផ្សេងៗគ្នា មានដូចជារាជធានីភ្នំពេញ ខេត្តកោះកុង តាកែវ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រែវែង ស្វាយរៀង និងលើកទី៩នេះនៅខេត្តកំពង់ធំតែម្តង ដែលក្នុងមួយឆ្នាំៗ គឺបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាប្រមាណ ៤-៥ពាន់នាក់។ ដូច្នេះសរុបទាំង៩ឆ្នាំ (បូកនឹងលើកនេះ) គឺ CHPAA បានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជា បានសរុបប្រមាណ ៤៥,០០០នាក់។
ដោយឡែក អង្គការ SHE គិតមកដល់ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ ដែលអង្គការនេះបានដាក់កម្មវិធីប្រចាំឆ្នាំចុះមកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋតែចំនួន ៣ខេត្តគោលដៅប៉ុណ្ណោះ មានដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប និងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយក្នុងមួយឆ្នាំៗបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាប្រមាណ ១,២០០នាក់ ដូច្នេះសរុបរយៈ ពេល៥ឆ្នាំ អង្គការ SHE បានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាបានប្រមាណ ៦,០០០នាក់។
ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋលើកទី៩នេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ចាប់ពីថ្ងៃទី១១-១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមសហការពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងកងកម្លាំងសមត្ថកិច្ចក្នុងស្រុកផងដែរ។
ក្នុងពិធីបើកដំណើរការសកម្មភាពមនុស្សធម៌ខាងលើ លោកស្រី Teri Tan និងលោកស្រី Clark តំណាងអង្គការ SHE បានឱ្យ ដឹងថា ការឧបត្ថម្ភជូននូវសម្ភារបរិក្ខារសុខាភិបាល ដល់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នាពេលនេះ គឺសម្រាប់ប្រើប្រាស់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ ស្រុកស្ទុក និងស្រុកតាំងគោក។
តំណាងអង្គការទាំងពីរបានបន្តថា អង្គការរបស់លោកស្រីនឹងមកពិនិត្យព្យាបាលជូន ប្រជាពលរដ្ឋនៅកម្ពុជាបន្តបន្ទាប់ទៀត ពិសេ សនៅស្រុកបារាយណ៍ នឹងធ្វើឡើងបន្តទៀតនៅអំឡុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។
លោកវេជ្ជបណ្ឌិត Song Tan ប្រធានសមាគម CHPAA បានឱ្យដឹងថា សមាគមរបស់លោកមិនត្រឹមតែមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចង់បណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រលាញ់ប្រទេសជាតិ ស្រលាញ់សន្តិភាព និងចេះជួយគ្នាទៅវិញទៅមកទៀតដែរ។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកទាំងបីខាងលើ សូមរួសរាន់មកទទួលសេវាសុខាភិបាល ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក។
លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់ក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ត្រូវចូលរួមសហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិកឱ្យសស្រាក់សស្រាំ ហើយត្រូវពង្រឹងយន្តការនៅមូលដ្ឋានឱ្យបានជាប្រចាំ ពីព្រោះការចុះជួយពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន ដូច្នេះសំខាន់បំផុតគឺការងារប្រចាំថ្ងៃនៅមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកតាំងគោក នាពេលនេះ។ ឯកឧត្តមបានអំ ពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលសង្ស័យថាខ្លួនមានជំងឺ ឬកំពុងមានជំងឺ សូមរួសរាន់មកពិនិត្យព្យាបាលជំងឺរបស់ខ្លួនជា មួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យខ្មែរ ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ យើងត្រូវការចាំបាច់ថែរក្សានូវសុខសន្តិិភាព ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដដែលនេះ សូមបន្តជួយមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកទាំងបី និងនៅទូទាំងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា សម្ភារពេទ្យដែលត្រូវប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុុកបារាយណ៍-សន្ទុកនោះ រួមមាន៖ ម៉ាស៊ីនកម្ដៅទារក (ទារកកើតមិនគ្រប់ខែ) ម៉ាស៊ីនអេកូ គ្រែរុញអ្នកជំងឺ ម៉ាស៊ីនសម្រាប់វះកាត់ប្រព័ន្ធអេឡិចត្រូនិច ភ្លើងបញ្ចាំងសម្រាប់វះកាត់ ម៉ាស៊ីនសម្រាប់សណ្តំ ភ្លើងបញ្ចាំងសម្រាប់ពិនិត្យជំងឺ ម៉ាស៊ីនចាប់សញ្ញាជីវិត ធុងអុកស៊ីសែន ម៉ាស៊ីនកន្ត្រាក់បេះដូង ទូទឹកកកដាក់វត្ថុពិសោធន៍ និងសម្ភារៈចាំបាច់មួយចំនួនទៀត សរុបជាទឹកប្រាក់ជិត ៣០ម៉ឺនដុល្លារអាមេរិក។
ក្រោយពីបញ្ចប់ពិធីប្រគល់-ទទួលសម្ភារពេទ្យរួចមក ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន លោកស្រី Teri Tan លោកស្រី Clark លោកវេជ្ជបណ្ឌិត Song Tan រួមទាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងមន្ត្រីមូលដ្ឋាន បានបន្តចុះទៅប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២កន្លែង (តំណាងឱ្យអណ្ដូងទឹកទាំង១០កន្លែង) ដែលជាអំណោយរបស់អង្គការ SHE និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ប្រកបដោយភាពស្និទ្ធស្នាល៕