ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ២៩ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានលើកឡើងអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២៩៤ ៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៧៥ ៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧១០នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៩.៤០៣ នាក់
* ខេត្តកំពត ៣៧.៧៤៧ នាក់
* ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់
* ខេត្តសៀមរាប ២៨.១៣៨ នាក់
* រាជធានីភ្នំពេញ ២៤.៦៥២ នាក់
* ខេត្តពោធិ៍សាត់ ១៦.៤៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១៤.២៤៩ នាក់
* ខេត្តកែប ១៣.៤៤៤ នាក់
គួរបញ្ជាក់ថាតួលេខខាងលើមានការកើនឡើងប្រមាណ ៧.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។
បើតាមការពិនិត្យជាក់ស្តែងចុងសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ រីឯបងប្អូនកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺមួយចំនួនបានជួបជុំហូបចុកជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។
ដោយឡែកមន្រ្តីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះ បោះឆ្នោតនិង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ៕