ក្រសួងទេសចរណ៍ រួមជាមួយវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ នឹងសហការគ្នាបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញទេសចរណ៍តាមប្រព័ន្ធអនឡាញដំបូងនៅកម្ពុជា
ក្រសួងទេសចរណ៍ រួមជាមួយវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ នឹងសហការគ្នាបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញទេសចរណ៍តាមប្រព័ន្ធអនឡាញដំបូងនៅកម្ពុជា
(ទីក្រុងហាមិតុន)៖ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបពិភាក្សាជាមួយវិទ្យសា្ថនបច្ចេកវិទ្យាវៃកាតូ Waikato Institute of Technology ដែលមានលោក David Christiansen នាយកវិទ្យាសា្ថនស្តីទី និងសហការី។
បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពលើកិច្ចសហការលើចំណុចដូចខាងក្រោម៖
១៖ ការបង្កើតឱ្យមានកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដា និងគុណវុឌ្ឍិរបស់ប្រទេសនូវែលសេឡង់
២៖ ការបង្កើតឱ្យមានកម្មវិធីផ្លាស់ប្តូរកម្មសិក្សា និងកម្មវិធីហ្វឹកហាត់ការងារសម្រាប់សិស្ស និស្សិតជំនាញទេសចរណ៍ រវាងវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ ជាមួយនឹងកម្ពុជាផងដែរ។
៣៖ ការត្រៀមចុះទស្សនកិច្ចសិក្សាដើម្បីបង្កើតឱ្យមានសាខាវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូនៅកម្ពុជា
អាស្រ័យដោយមានសកម្មភាពការងាជាច្រើនដែលនឹងត្រូវអនុវត្តខាងមុខ ភាគីទាំងពីរបានឯកភាពរៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហការលើការបណ្តុះបណ្តាលជំនាញទេសចរណ៍រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ Waikato Institute of Technology- Wintech នាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីមានការរីករាយចំពោះលទ្ឋផលនៃកិច្ចពិភាក្សានេះ ហើយក្រសួងទេសចរណ៍នឹងខិតខំជំរុញការងារនេះឲ្យបានឆាប់ហើយ នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះហត្ថលេខាលើអនុស្សារណៈនេះ៕