ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ រួមគ្នាជំរុញការស្នើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍
ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ រួមគ្នាជំរុញការស្នើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍
(ភ្នំពេញ)៖ ស្ថានភាពអាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ត្រូវបានដាក់ចុះដើម្បីពិភាក្សាគ្នារវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សំដៅរួមគ្នាជំរុញការស្នើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ និងការពង្រឹងសេវាកម្មទេសចរណ៍ ឱ្យកាន់តែមានភាពប្រសើរឡើង។
ការពិភាក្សាថ្នាក់បច្ចេកទេសនេះត្រូវបានធ្វើឡើងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលដឹកនាំដោយលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីរាជការប្រមាណ ៥០នាក់។
កិច្ចប្រជុំនេះក៏មានគោលបំណងពិភាក្សារិះរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលបានស្នើឡើងដោយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដើម្បីពង្រឹងយន្តការគ្រប់គ្រង និងពង្រឹងគុណភាពអាជីវកម្មទេសចរណ៍។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានលើកឡើងថា នៅមានមូលដ្ឋានអាជីវកម្មទេសចរណ៍ច្រើនណាស់ ដែលមិនទាន់មកស្នើសុំអាជ្ញាបណ្ណ គេចវេសពីការស្នើសុំអាជ្ញាបណ្ណ ឬអនុវត្តផ្ទុយពីគោលការណ៍ណែនាំជាដើម។
ក្នុងឱកាសនោះ លោក ហួត ហៃ បានបញ្ជាក់ជូនអង្គប្រជុំឱ្យបានជ្រាបអំពីលទ្ធផលការងារ ដែលរដ្ឋបាលរាជធានីភ្នំពេញបានបំពេញ និងទិសដៅការងារមួយចំនួន រួមមាន៖
* ការអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានរៀបចំវេទិកាផ្សព្វផ្សាយស្ដីពី ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ប៉ុន្តែវិស័យដែលត្រូវផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋមានចំនួនប្រភេទ ១៤សេវា ដូច្នេះត្រូវការពេលវេលាដើម្បីផ្សព្វផ្សាយបន្ថែមទៀត។
* រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការផ្សព្វផ្សាយដល់មន្ត្រីបម្រើការងារខណ្ឌទាំង១៤ និងសង្កាត់ទំាង ១០៥ បន្ថែមទៀត។
* ការងារពិនិត្យស្លាកយីហោអាជីវកម្មទេសចរណ៍៖ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតក្រុមការងារ ដើម្បីចុះពិនិត្យ និងរុះរើបានមួយចំនួន។
* ជំរុញការងារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ផ្នែកឯកជន មន្ត្រីបម្រើការងារក្នុងវិស័យទេសចរណ៍ ដើម្បីបានយល់ដឹងច្បាប់ស្ដីពីទេសចរណ៍ឱ្យកាន់តែច្បាស់។
លោកអគ្គនាយក ណេប សាមុត បានលើកឡើងថា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំកិច្ចប្រជុំរៀងរាល់ត្រីមាស ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមទេសចរណ៍ក្នុងរាជធានីភ្នំពេញ។
លោកបានណែនាំដល់មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការងារមួយចំនួន ដូចជា៖
* បន្តជំរុញការអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍
* ពង្រឹងយន្តការគ្រប់គ្រង និងផ្លាស់ប្ដូរព័ត៌មានស្ថិតិអាជីវកម្មទេសចរណ៍ ដើម្បីទទួលបានស្ថិតិអាជីវកម្មទេសចរណ៍មួយដែលមានសង្គតិភាព
* ពង្រឹងការអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្ម ស្របតាមគោលការណ៍បទដ្ឋានគតិយុត្តជាធរមាន
* ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ តាមរយៈការចេញអាជ្ញាបណ្ណទេសចរណ៍
* ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យស្លាកយីហោអាជីវកម្មទេសចរណ៍ ដើម្បីសោភណភាពទីក្រុង
* ករណីផែទេសចរណ៍នៅរាជធានីភ្នំពេញ៖ ផែទេសចរណ៍នៅរាជធានីភ្នំពេញ នឹងរៀបចំនៅមុខស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច ក្នុងខណ្ឌឫស្សីកែវ
* ការងារគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍៖ គ្រោងនឹងរៀបចំការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយសហការជាមួយនាយកដ្ឋានជំនាញ៕