ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនិតិវិធីចលនាប្រឡងប្រណាំង “ទីក្រុងស្អាត៖ ទីក្រុងដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ”
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពញ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនិតិវិធីនៃចលនាប្រឡងប្រណាំង “ទីក្រុងស្អាត៖ ទីក្រុងដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ”។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលរាជធានី-ខេត្ត ក្រុង/ខណ្ឌបេក្ខភាពទាំង៤១ មន្រ្តីជំនាញមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រមាណជាង ១៥០នាក់ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើ លោក ណេប សាមុត បានជម្រាបជូនអង្គពិធីថា “វិធានសុវត្ថិភាពទេសចរណ៍” បានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្រើនរំលឹកជាប្រចាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ចូលរួមបង្កា ការពារ រក្សាបានទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរប្រកបដោយការទទួលខុសត្រូវខ្ពស់ ឈានទៅកំណត់កម្ពុជាជាគោលដៅសុវត្ថិភាព។ វិធានការនេះត្រូវមានការចូលរួមអនុវត្តបានផុលផុសដោយរដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ផងដែរថា ចលនាប្រឡងប្រណាំងនេះ ត្រូវមានការចូលរួមជាកាតព្វកិច្ចពីរដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង/ខណ្ឌ) ចំពោះជ័យលាភីនឹងទទួលបានវិញ្ញាបនបត្រចំនួន ០២ប្រភេទគឺ៖
១. ចំពោះរដ្ឋបាលរាជធានី-ខេត្ត ជ័យលាភី នឹងទទួលបានវិញ្ញាបនបត្រ “កោតសសើរចំពោះកិច្ចខំប្រឹងប្រែង” ដោយមាន ០៣កម្រិតគឺ៖
-កម្រិត “ល្អប្រសើរ” លំដាប់ពិន្ទុចាប់ពី៩០ពិន្ទុឡើងទៅ
-កម្រិត “ល្អ” លំដាប់ពិន្ទុចាប់ពី ៧០ពិន្ទុដល់ ៨៩ពិន្ទុ
-កម្រិត “ល្អបង្គួរ” លំដាប់ពិន្ទុចាប់ពី ៥០ពិន្ទុដល់ ៦៩ពិន្ទុ
២.ចំពោះរដ្ឋបាលក្រុង/ខណ្ឌ ជ័យលាភី នឹងទទួលបានវិញ្ញាបនបត្រ “កោតសសើរចំពោះស្នាដៃអនុវត្ត” ដោយមាន ០៣កម្រិតគឺ៖
-កម្រិត “ញញឹម៣” លំដាប់ពិន្ទុចាប់ពី៩០ពិន្ទុឡើងទៅ
-កម្រិត “ញញឹម២” លំដាប់ពិន្ទុចាប់ពី ៧០ពិន្ទុដល់ ៨៩ពិន្ទុ
-កម្រិត “ញញឹម១” លំដាប់ពិន្ទុចាប់ពី ៥០ពិន្ទុដល់ ៦៩ពិន្ទុ។
ជ័យលាភីនឹងគ្រោងប្រកាសជ័យលាភីនាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២១ ខាងមុខនេះ។