ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ចូលរួមអនុវត្តទម្លាប់ថ្មីនៃទេសចរណ៍
(ខេត្តព្រះសីហនុ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍” នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពន្លេចឱ្យឃើញពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានទាំងក្នុងសេវាកម្ម បដិសណ្ឋារកិច្ច សម្បទាទ្រទ្រង់ទេសចរណ៍គ្រប់បែបយ៉ាង និងបានផ្សព្វផ្សាយនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រួមទាំងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
ថ្លែងក្នុងពិធី លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រី ដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារក៏ដូចជាបង្កើនសមត្ថភាពរបស់ស្ត្រីឱ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែន និងឆ្លាតវៃ ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ អាចឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។
ក្នុងនោះដែរ ការផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រីក៏ដូចជាពលរដ្ឋទូទៅក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ក៏កាន់តែមានសារៈសំខាន់ផងដែរ ដោយផ្តោតទៅលើតួនាទីស្ត្រីដោយហេតុថាក្នុងវិស័យ «មាសបៃតង»មួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរស គឺប្រមាណជាង ៦០% ដែលបានបង្ហាញឱ្យឃើញថាស្រ្តីមានសក្តានុពលធំនៅគ្រប់សរសៃឈាមនៃទេសចរណ៍។
លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់អង្គសិក្ខាសាលាទាំងមូល ជាពិសេសប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ចូលរួមអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗ ជាពិសេសវិធានសុវត្ថិភាពទេសចរណ៍ ឆ្លើយតបទៅនឹងបរិបទកូវីដ-១៩ ដោយត្រូវប្រកាន់យក “ទម្លាប់ថ្មីនៃទេសចរណ៍” ស្របតាមកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជាផងដែរកំពុងប្រឈមនឹងជំងឺនេះ។
ការសម្របសម្រួល និងបន្សាំទៅនឹង “ទម្លាប់ថ្មីនៃទេសចរណ៍” គឺជាជម្រើសដំណោះស្រាយមួយសមរម្យសម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមផង និងចាប់យកឱកាសផងដើម្បីឆ្លើយតបបានទៅនឹងសភាពការណ៍នៃការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ការធានាសុវត្ថិភាពសង្គម និងការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍នៅតាមគោលដៅទេសចរណ៍រើបឡើងវិញ ដើម្បីជួយជំរុញបង្កើតនិងបង្កើនឱកាសការងារ ការទទួលបានចំណូល និងធ្វើឱ្យចរន្តនៃសេដ្ឋកិច្ចសង្គមកម្រើក ស្របពេលជាមួយគ្នានេះផងដែរ៕