ក្រសួងទេសចរណ៍ ចុះអនុស្សរណ:ជាមួយស្វីសគាំទ្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឦសាន្ត សម្រាប់ឆ្នាំ២០២០-២០២៤
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។
ការអនុវត្តគម្រោងនេះ នឹងត្រូវធ្វើឡើងនៅតាមខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តព្រះវិហារ។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។
ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ជាពិសេសលើការជំរុញបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងខេត្តគោលដៅទេសចរណ៍ទាំង៥ ដើម្បីទទួលបានចំណេះដឹង និងជំនាញ និងដើម្បីជាច្រកសម្រាប់បន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម និងពេញមួយជីវិត។
គម្រោងនេះ ក៏នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍ លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ។
ឯកឧត្ដម ប៉ាក់ សុខុម បានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តជំហានទី២ នៃកម្មវិធីអភិវឌ្ឍជំនាញឱ្យបានកាន់តែល្អប្រសើរ ក្រសួងទេសចរណ៍បានចាត់ឱ្យមន្ត្រីសួងចូលជាសហអនុប្រធានគណៈកម្មការអនុវត្តគម្រោងជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះតំណាង SDC (ម្ចាស់ជំនួយ) ជាប្រធាន និងតំណាងក្រសួងការងារជាសហអនុប្រធានផងដែរ។
ឯកឧត្ដមបានបញ្ជាក់ទៀតថា សម្រាប់គម្រោងជំហានទី២ ផ្តោតសំខាន់លើការអភិវឌ្ឍជំនាញ (Re-Skilling and Up-Skilling) ជំរុញទីផ្សារការងារ ពង្រឹងសហគ្រិនភាពក្នុងវិស័យទេសចរណ៍ និងការអនុវត្តបច្ចេកវិទ្យាក្នុងការអប់រំ និងបណ្តុះបណ្តាល ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
សូមរំលឹកថា កន្លងមកតាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដោយបានបណ្តុះបណ្តាលយុវជន យុវនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី ៦០រូប) កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី ២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី ៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១,១៦៧រូប (ស្រី ៥៦១រូប)៕