ក្រសួងទេសចរណ៍សហការជាមួយផ្នែកឯកជន ជំរុញការអភិវឌ្ឍផលិតផលកសិទេសចរណ៍នៅទូទាំងប្រទេស
ក្រសួងទេសចរណ៍សហការជាមួយផ្នែកឯកជន ជំរុញការអភិវឌ្ឍផលិតផលកសិទេសចរណ៍នៅទូទាំងប្រទេស
(កំពត)៖ ដើម្បីរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តពិពិធកម្មគោលដៅ និងផលិតផលទេសចរណ៍នៅទូទាំងប្រទេស ជាពិសេសការស្វែងយល់ពីបទពិសោធន៍ក្នុងការអភិវឌ្ឍរមណីយដ្ឋានកសិទេសចរណ៍ ក្រសួងទេសចរណ៍សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយស្តីពីការអភិវឌ្ឍកសិទេសចរណ៍នៅរមណីយដ្ឋានកសិទេសចរណ៍ ចម្ការម្រេច «ឡាផ្លេនថេសិន (La plantation)» ស្ថិតនៅភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោក និងលោកស្រី ដែលជាម្ចាស់ចម្ការម្រេច និងមានការចូលរួមពីសំណាក់ប្រធានមន្ទីរទេសចរណ៍ទាំង២៥ រាជធានី-ខេត្ត និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញឱ្យសមាគម CATA សិក្សារៀបចំឱ្យមានខ្សែទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍នានាឲ្យកាន់តែច្រើន និងខេត្តកំពតនេះផងដែរ ពិសេសគឺតំបន់ចម្ការម្រេច «ឡាផ្លេនថេសិនLa plantation» នេះតែម្ដង ពីព្រោះនៅតំបន់នេះពិតជាមានសក្ដានុពលកសិទេសចរណ៍ដ៏សំបូរបែប ក៏ដូចជាដើម្បីផ្សព្វផ្សាយជូនភ្ញៀវទេសចរមកកម្សាន្តឲ្យបានកាន់ច្រើននាឱកាសបុណ្យសមុទ្រនាខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
គួរបញ្ជាក់ថា រមណីយដ្ឋានកសិទេសចរណ៍ចម្ការម្រេច «ឡាផ្លេនថេសិន (La plantation)» គឺជារមណីយដ្ឋានដែលមានរៀបចំសកម្មភាពកសិទេសចរណ៍បានយ៉ាងល្អ តាមរយៈការប្រែក្លាយកសិដ្ឋានដំណាំម្រេចទៅជាគោលដៅកសិទេសចរណ៍ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី Nathalie CHABOCHE (ជនជាតិបារាំង) និងលោក Guy PORRE (ជនជាតិប៊ែលហ្សិក) ព្រមទាំងជាផលិតករ និងអ្នកនាំចេញដ៏សំខាន់នូវម្រេចកំពតទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារផ្សេងទៀតនៅជុំវិញពិភពលោក។