ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលា " ស្ត្រីដើម្បីទីក្រុងស្អាត" ដើម្បីចូលរួមលើកកម្ពស់សោភណភាពទីក្រុងភ្នំពេញ និងការពង្រឹងគុណភាពសេវាកម្មសម្រាប់ត្រៀមអបអរស្វាគមន៍បុណ្យអុំទូក
ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលា " ស្ត្រីដើម្បីទីក្រុងស្អាត" ដើម្បីចូលរួមលើកកម្ពស់សោភណភាពទីក្រុងភ្នំពេញ និងការពង្រឹងគុណភាពសេវាកម្មសម្រាប់ត្រៀមអបអរស្វាគមន៍បុណ្យអុំទូក
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានសហការជាមួយសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រៀបចំសិក្ខាសាលាមួយស្តីពី “ស្ត្រីនិងទីក្រុងស្អាត ស្រ្តីនិងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានសមាសភាពចូលរួមជាធុរជន ប្រតិបត្តិករ សេវាករទេសចរណ៍ យុវជន សិស្ស និស្សិតក្នុងរាជធានីភ្នំពេញ សរុបជាង៣០០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រីក៏ដូចជាពលរដ្ឋទូទៅក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភណភាពទីក្រុងភ្នំពេញ និងការពង្រឹងគុណភាពសេវាកម្មសម្រាប់ត្រៀមអបអរស្វាគមន៍បុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ -១១-១២ ខែវិច្ឆិកា នាពេលខាងមុខនេះ។
ជាមួយគ្នានោះលោកជំទាវ រដ្ឋលេខាធិការ បានផ្តល់ជាមតិ និងអនុសាសន៍មួយចំនួនជូនដល់អង្គសិក្ខាសាលាដូចខាងក្រោម៖
ទី១-បន្តការបញ្ជា្របយល់ដឹងសាធារណៈអំពីទីក្រុងស្អាត ឱ្យបានកាន់តែទូលំទូលាយ
ទី២-អភិវឌ្ឍ-ពង្រឹងគុណភាពផលិតផល និងសេវាកម្ម
ទី៣-កុំចាត់ទុកពិធីបុណ្យជាឱកាសសម្រាប់តម្លើងថ្លៃសេវាផ្សេងៗមានទាំងការស្នាក់នៅ ហូបចុកដោយតម្លៃជ្រុលហួសហេតុ
ទី៤-ចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដោយយថាហេតុ (អំពើហិង្សា ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន ។ល។
ទី៥-ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ប្រើប្រាស់ធុងសំរាម កុំបោះចោលសំរាមពាសវាលពាសកាល
ទី៦-ចូលរួមគោរពច្បាប់ចរាចរណ៍ ពង្រឹងសណ្តាប់ធ្នាប់ល្អ មានសីលធម៌ សុជីវធម៌ អត់ឱនអធ្យាស្រ័យចំពោះគ្នា៕