ក្រសួងទេសចរណ៍យកចិត្តទុកដាក់ការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍នៅខេត្តគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលា “វាយតម្លៃតម្រូវការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច (HoKa)” នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោងខុន រដ្នមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីវិស័យឯកជន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ប្រមាណ៦០រូប ដើម្បីសិក្សាពីគម្លាតជំនាញត្រូវការបណ្តុះបណ្តាល និងផ្សព្វផ្សាយវិជ្ជាជីវៈទេសចរណ៍អាស៊ាន និងបណ្តុះបណ្តាលធនធានមនុស្ស ពិសេសនៅតំបន់ឆ្នេរសមុទ្រ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងការផ្តល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរ។
គម្រោងបណ្តុះបណ្តាលជំនាញ បដិសណ្ឋារកិច្ចប្រចាំខេត្ត ព្រះសីហនុ HoKA ធ្វើឡើងក្រោមកិច្ចសហការ ជាមួយអង្គការ Swiss Contact ដែលជាកម្មវិធីថ្មីមួយក្នុងទម្រង់ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដែលអ្នកជំនាញត្រូវសិក្សាទ្រឹស្តី និងការអនុវត្តរួមគ្នានៅអាជីវកម្មផ្ទាល់ ដោយប្រើប្រាស់នូវស្តង់ដាសមត្ថភាពអាស៊ាន។ កម្មវិធីនេះ នឹងចូលរួមបង្កើតធនធានមនុស្សដែលមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” នៅឆ្នាំ២០២៥។