ក្រសួងទេសចរណ៍ផ្សព្វផ្សាយដល់មន្ត្រីរាជការអំពីវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលសម្រាប់សភាពការណ៍បច្ចុប្បន្ន
ក្រសួងទេសចរណ៍ផ្សព្វផ្សាយដល់មន្ត្រីរាជការអំពីវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលសម្រាប់សភាពការណ៍បច្ចុប្បន្ន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទី បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរាជការក្រសួង ដើម្បីផ្សព្វផ្សាយអំពីវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលសម្រាប់សភាពការណ៍បច្ចុប្បន្ន សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវរាល់សកម្មភាព និងផែនការរបស់ក្រុមប្រឆាំងដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តម ទិត ចន្ថា បានណែនាំដល់មន្ត្រីក្រោមឱវាទក្រសួង ត្រូវរួមចំណែកទប់ស្កាត់សកម្មភាពល្មើសនឹងច្បាប់របស់ក្រុមប្រឆាំង និងត្រូវរួមគ្នាចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំងដែលនឹងចូលមកប្រទេសកម្ពុជាវិញនោះ មិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់ចរន្តទេសចរ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានោះឡើយ ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតែប្រកបការងារ ធ្វើដំណើរទៅមក និងចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍នានាជាធម្មតា។
ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី បានរំលឹកថា ភ្ញៀវទេសចរណាក៏មិនចង់ទៅទស្សនាប្រទេសដែលគ្មានសន្តិភាព ស្ថិរភាព ឬមានសង្គ្រាមនោះឡើយ ហើយក៏គ្មានទេសចរណាចង់ទៅលេងកន្លែងគ្មានសន្តិសុខ សណ្ដាប់ធ្នាប់ កន្លែងគ្រោះថ្នាក់នោះឡើយ។ ដូច្នេះមន្ត្រីរាជការគ្រប់រូប មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍គ្រប់គ្នា សូមចូលរួមរក្សាស្ថិរភាពវិស័យទេសចរណ៍ឱ្យបានក្នុងដំណាក់កាលនេះ។
ឯកឧត្តមបានអំពាវនាវសូមឱ្យប្រតិបត្តិករទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍គ្រប់គ្នា បង្កើនការទទួលបដិសណ្ឋារកិច្ច ពង្រឹងគុណភាពសេវាកម្ម បរិស្ថាន អនាម័យ សុវត្ថិភាពចំណីអាហារ បង្កើនការរក្សាភាពស្អាត និងបៃតងឱ្យបានល្អប្រសើរជាងមុន។
ឯកឧត្តម ទិត ចន្ថា បានលើកឡើងទៀតថា កម្ពុជាទទួលបានទេសចររាប់លាននាក់ដូចពេលបច្ចុប្បន្ន ក៏ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះយើងទាំងអស់គ្នាមិនត្រូវបំផ្លាញគោលដៅទេសចរណ៍របស់ខ្លួនឡើយ។
សូមជម្រាបថា បើតាមការប្រកាសរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងក្បត់ជាតិនោះ ពួកគេនឹងត្រឡប់ចូលមកកម្ពុជាវិញចំថ្ងៃទី០៩ ខែវិច្ឆិកា ពោលគឺចំថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ ក៏ដូចជានៅក្នុងកំឡុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែផងដែរ៕